(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះតទៅសប្បុរសជន នឹងមានភាពងាយស្រួលជាងមុន ក្នុងការចូលរួមវិភាគទាន ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមិនចាំបាច់បង់ថ្លៃសេវាអ្វីឡើយ តាមរយៈគណនីវីង និងភ្នាក់ងារវីងជាង៥ពាន់កន្លែងទូទាំងប្រទេស ដែលនេះជាកិច្ចសហការរវាង ធនាគារឯកទេសវីង និងមូលនិធិគន្ធបុប្ផា ដើម្បីផ្ដល់លទ្ធភាពឲ្យពលរដ្ឋកម្ពុជា ចូលរួមបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានថ្លែងថា «កិច្ចសហការនេះ នឹងផ្ដល់ភាពងាយស្រួល ដល់សប្បុរសជនទាំងអស់ ក្នុងការផ្ទេរប្រាក់ ដើម្បីជួយស្រោចស្រង់អនាគតកុមារនៅកម្ពុជា មិនថាពួកគាត់នៅទីណា ឬកំពុងធ្វើកិច្ចការអ្វីឡើយ។ នេះជាគោលបំណងរបស់​ធនាគារឯកទេសវីង ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់ មិនថាក្នុងរូបភាពពាណិជ្ជកម្ម ឬមនុស្សធម៌ក្ដី»

លោកបន្តថា ក្នុងនាមជាធនាគារឈានមុខគេ ក្នុងការផ្ដល់សេវាទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក វីង ពិតជាចង់ចូលរួមចំណែកក្នុងការជួយប្រមូលវិភាគទាន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយសង្ឃឹមថា តាមរយៈសកម្មភាពនេះ នឹងមានការចូលរួមជាច្រើនពីប្រជាជនកម្ពុជា ក្នុងការជួយអភិវឌ្ឍន៍អនាគតកុមារកម្ពុជា។

ការបង់ប្រាក់ឧបត្ថមមូលនិធិន្ធបុប្ផាកម្ពុជានេះ ចាបផ្ដើមចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨តទៅ ដែលសប្បុរសជនអាចបង់ប្រាក់ ឧបត្ថម​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដោយមិនគិតថ្លៃសេវា តាមរយៈសេវាកម្មបីប្រភេទ ដែលធនាគារឯកទេសវីងផ្ដល់ជូន រួមមាន៖

១៖ ភ្នាក់ងារវីង៖ សប្បុរសជនគ្រាន់តែទៅកាន់ភ្នាក់ងារ វីង ណាមួយដែលនៅជិត ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឧបត្ថម្ភជាប្រាក់រៀល ឬដុល្លារ និងផ្ដល់លេខទូរស័ព្ទសប្បុរសជនដល់ភ្នាក់ងារវីង។

២៖ កម្មវិធីស្មាតហ្វីន វីង៖ សប្បុរសជនគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូន វីង រួចចូលទៅកាន់ Bill Payment រួចបញ្ចូលលេខកូដ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ)។ បន្ទាប់មកសប្បុរសជន អាចបញ្ចូលចំនួនទឹកប្រាក់ ដែលពួកគាត់ចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ រួចបញ្ចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់៤ខ្ទង់ជាការស្រេច។

៣៖ តាមរយៈ *989# សប្បុរសជន ដែលមានគណនីវីង គ្រាន់តែចុច *៩៨៩# រួចចុចបញ្ចូនទៅលើទូរស័ព្ទ និងជ្រើសរើសយក Bill Payment រួចបញ្ចូលលេខកូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ)។ បន្ទាប់មកសប្បុរសជន អាចបញ្ចូលចំនួនទឹកប្រាក់ ដែលពួកគាត់ចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ រួចបញ្ចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់៤ខ្ទង់ជាការស្រេច។

មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតជនជាតិស្វីស លោក បេអាត រិចឆ្នឺរ ដែលបើកដំណើរការ និងផ្ដល់សេវាព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនដល់កុមារ និងស្រ្ដីមានផ្ទៃពោះនៅកម្ពុជា អស់រយៈពេលជាង២៥ឆ្នាំហើយ។

ដោយមើលឃើញពីបញ្ហាប្រឈមផ្នែកថវិកា ដែល​ទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់ និងរយៈពេលវែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកសម្ពោធមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា៕