(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចយកទូរស័ព្ទដៃរបស់នាយកគ្រប់គ្រងកាស៊ីណូ «ជីងឡានសាន» ហើយបាន

ទូរស័ព្ទទៅគំរាមទារប្រាក់ពីម្ចាស់ និងបុគ្គលិកក្រុមហ៊ុន ដោយគំរាមថា បើមិនឱ្យប្រាក់ទៅរូបគេទេ គេនឹងវាយធ្វើបាបសម្លាប់ចោល។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះថា ករណីលួចទូរស័ព្ទ និងតេគំរាមទារប្រាក់នេះ បានកើតឡើងនាវេលាម៉ោង១៨ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះភ្លាមកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យឃើញ និងចាប់បានភ្លាមៗតែម្ដង។

ជនរងគ្រោះឈ្មោះ ZENG YONG JIE ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរនាយកគ្រប់គ្រងកាស៊ីណូ «ជីងឡានសាន» ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារបាត់បង់រួមមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាកមី (mi) ពណ៌ទឹកមាស។ ចំណែកជនសង្ស័យឈ្មោះ ZHANG HUA YU ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនគ្មាន ស្នាក់នៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕