(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសផ្តន្ទាទោស អតីតមន្រ្តី២រូប ពាក់ព័ន្ធនឹងករណីឆរបោក នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣។

ជនទាំងពីរនេះ រួមមានទី១៖ ឈ្មោះ ស៊ុន សៀង អាយុ៤៨ឆ្នាំ មុខរបរមុនចាប់ខ្លួនគឺមន្ដ្រីយោធា និងទី២៖ ឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

មន្រ្តីទាំងពីរនេះ រងការចោទប្រកាន់ចំនួន៤ល្មើសរួមមាន៖

សំណុំរឿងទី១៖ សម្រេចផ្តន្ទាទោស ជនជាប់ចោទទាំង២នាក់ ដាក់ពន្ធនាគារ កំណត់រយៈពេល៦ខែ ដោយសម្រេចព្យួរទោសទាំងអស់ មិនបាច់ចាំអនុវត្តទោសក្នុងពន្ធនាគារ ពីបទឆបោក និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ៥,០០០ដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សំណុំរឿងទី២៖ មានចំនួន ០៣ បទចោទប្រកាន់ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ទាំង០២នាក់ ដាក់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ និង៦ខែ ប៉ុន្តែត្រូវអនុវត្តទោសត្រឹមតែ ៦ខែ ប៉ុណ្ណោះ ក្នុងពន្ធនាគារ និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារ។

ទី១៖ ពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត, ទី២៖ ពីបទ ប្រើប្រាស់លិខិតក្លែង និងទី៣៖ ពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធសេចក្តីសម្រេច របស់តុលាការនេះ ដើមបណ្តឹងបានថ្លែងអបអរសាទរ ចំពោះការសម្រេចឲ្យជនជាប់ចោទសងសំណង និងជំងឺចិត្ត បានសមស្របតាមការខូចខាតរបស់ពួកគាត់។

ប៉ុន្តែទោះបីជាយ៉ាងណា ដើមបណ្តឹងហាក់ មិនសូវពេញចិត្តចំពោះ ការផ្តន្ទាទោស ដាក់ពន្ធនាគារ ជនជាប់ចោទទាំង០២នាក់ ដោយអនុវត្តទោសត្រឹមតែ៦ខែក្នុងពន្ធនាគារ បែបនេះអាចបង្កជាក្តីបារម្ភ ចំពោះសុវត្ថិភាពពួកគាត់ ខណៈដែលជនជាប់ចោទសុទ្ធសឹងជាមន្ត្រីប្រដាប់អាវុធ។

សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ជនជាប់ចោទទាំង ០២នាក់ បានការចោទប្រកាន់របស់តុលាការ ដោយមិនមានឃើញមានសាក្សី ឬភស្តុតាង ដោះបន្ទុកឡើយ ប៉ុន្តែទីបំផុតក្រុមជនជាប់ចោទ នៅតែទទួលបានស្ថានសម្រាលទោស យ៉ាងល្អប្រសើរពីតុលាការ៕