(ភ្នំពេញ)៖ កម្មវិធីរៀនតាមអ៊ីនធើណិតថ្មីមួយឈ្មោះថា «រៀនតាមចិត្ត» ដែលបង្កើតឡើងដោយក្រុមវិនិយោគិនខ្មែរ បានដាក់ឱ្យដំណើរការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសហស្ថាបនិក «រៀនតាមចិត្ត» បុគ្គលិក សិស្ស លោកគ្រូ-អ្នកគ្រូជាង១០០នាក់។

«រៀនតាមចិត្ត» បង្កើតឡើងដោយក្រុមហ៊ុន Reantamchet Education Co.,LTD គឺជាវេទិការៀនតាមប្រព័ន្ធ​អនឡាញ ដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា​ ដែលមានជាគេហទំព័រ​​ និងកម្មវិធីទូរស័ព្ទ ដែលអ្នកប្រើប្រាស់អាចដោនឡូត បានលើ iOS និង Android។

គេហទំព័រ​​ និងកម្មវិធីទូរស័ព្ទនេះ បានផ្តល់ភាពងាយស្រួលដល់សិស្ស អាចរៀនជាមួយ សាស្ត្រាល្បីៗជាច្រើន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សម្រាប់ជំហានដំបូង រៀនតាមចិត្ត មានកម្មវិធីសិក្សាសំខាន់ៗ សម្រាប់តែសិស្សថ្នាក់ទី១២តែប៉ុណ្ណោះ ដូចជា៖ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការ លោក ហោ បូណា សហស្ថាបនិក «រៀនតាមចិត្ត» បានថ្លែងថា «យើងជឿជាក់ថា គេហទំព័រ​​ និងកម្មវិធីទូរស័ព្ទ រៀនតាមចិត្ត មិនត្រឹមតែផ្តល់ បទពិសោធន៍ថ្មីនៃការរៀនប៉ុណ្ណោះទេ ថែមទាំងអាចសិក្សាជាមួយសាស្ត្រាល្បីៗ នៅទីក្រុងភ្នំពេញ ជាពិសេសសិស្សដែលរស់នៅតាមខេត្ត»

លោក ហោ បូណា បានបញ្ជាក់ទៀតថា សិស្សអាចបង់ប្រាក់លើថ្លៃសិក្សា របស់ពួកគេតាមរយៈប្រព័ន្ធអនឡាញដ៏ មានសុវត្ថិភាពបាន។ ឪពុក-ម្តាយ ឬ​សាច់ញាតិ បងប្អូន ក៏អាចទិញកម្មវិធីសិក្សានេះ ជាកាដូសម្រាប់កូន ឬក្មួយរបស់ពួកគេផងដែរ។

លោកថា គេហទំព័រ និងកម្មវិធីទួរស័ព្ទនេះ​ អាចផ្តល់ទំនាក់ទំនងរវាង សិស្សនិងសាស្ត្រា បានយ៉ាងងាយស្រួល ដែលសិស្សអាចសួរសំណួរនានាបាន។ សាស្ត្រានឹងរៀបចំ កាលវិភាគដើម្បី ពន្យល់តាមប្រព័ន្ធអនឡាញ ពីលំហាត់ដែលដាក់ឲ្យធ្វើ។ សិស្សក៏អាចវាយតម្លៃនិងមើល មុខវិជ្ជាដែលខ្លួនចង់រៀនផងដែរ។

សហស្ថាបនិករូបនេះ បានលើកឡើងថា «គោលបំណងរបស់យើង គឺចង់ជួយឲ្យប្រជាជនយើង ស្វែងយល់បន្ថែមលើការសិក្សារបស់ពួកគេ និងអភិវឌ្ឍន៍ជំនាញរបស់ពួកគេ តាមរយៈបទពិសោធន៍ជាមួយការសិក្សាតាមបច្ចេកវិទ្យាថ្មីនេះ»

លោកបានបន្តទៀតថា «យើងបានឃើញពីកំណើន នៃការប្រើប្រាស់ទូរស័ព្ទទំនើប របស់ប្រជាជនកម្ពុជា និងការប្រើប្រាស់បណ្តាញសង្គម។ នេះគឺជាឱកាសដ៏ល្អ ដើម្បីណែនាំពួកគេ ឲ្យទទួលយកបទពិសោធន៍ថ្មី នៃការសិក្សាតាមរយៈការរៀន តាមប្រព័ន្ធអនឡាញ និងអាចស្គាល់មិត្តភក្តិថ្មីៗ»។​

សូមបញ្ជាក់ថា មុខវិជ្ជាដែលរៀនតាមអនឡាញ តាមកម្មវិធី «រៀនតាមចិត្ត» គឺរៀបរៀងដោយ សាស្រ្តា​ និង លោកគ្រូអ្នកគ្រូ ល្បីៗដូចជា លោក​គ្រូ​ នាង​ បូ, អ្នក​គ្រូ ជ្រុន​ ឆៃគីម, លោក​គ្រូ ងិន​ ណៃស៊ត, លោក​គ្រូ ធូ​ ភន, លោក​គ្រូ ព្រៃ​ សំបូរ និងលោក​គ្រូ​ ធាង​ ស្រ៊ុយ។ មុខវិជ្ជា និង កម្មវិធីសិក្សាជាច្រើនទៀត ដោយសាស្រ្តាល្បីៗ នឹងត្រូវបានបន្ថែម ជាបន្តបន្ទាប់៕