(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយមិនតែប៉ុណ្ណោះពួកគេ មានតួនាទីជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ចផងដែរ ខណៈកងកម្លាំងសមត្ថកិច្ចមិនបានដាក់គ្រប់ទីកន្លែងនោះ។

ការលើកឡើងរបស់ឧត្តមសេនីយ៍រូបនេះ គឺបានធ្វើឡើងនៅក្នុងកម្មវិធី បិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ដែលមានការចូលរួមពី តំណាងក្រុមហ៊ុនសន្តិសុខឯក ជិត២០០នាក់។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងថា «ក្រុមហ៊ុនសន្តិសុខទាំងអស់ ត្រូវតែជ្រាប់គ្រប់គ្នាថា សន្តិសុខឯកជនពុំមែនមានតួរនាទីត្រឹមតែជាអ្នកការពារ ទ្រព្យសម្បត្តិឯកជន ឬក៏សហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារសាធារណៈសន្តិសុខ សង្គម និងអាយុជីវិត របស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច»។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើង ទទួលបានសុខសន្តិភាពស្ថេរភាពសង្គម។ ហេតុនេះបានធ្វើឲ្យទាក់ទាញអ្នកវិនិយោគជាច្រើន មកបណ្តាក់ទន់ស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យសន្តិសុខឯកជន គឺជាវិស័យដ៏សំខាន់មួយដែលត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិផង។

ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់វិស័យសន្តិសុខឯកជន នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានទំនុកចិត្តក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយសុខស្ថិរភាព និងនិត្យានុកូលភាព។ ជាក់ស្តែករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន កាលពី​ឆ្នាំ២០១៦កន្លងទៅនេះ គឺដើម្បីគ្រប់គ្រង គាំពារសហការ និងផ្តល់និត្យានុកូលភាពដល់ក្រុមហ៊ុនផ្តល់សេវា សន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្តិសុខឯកជនទូទាំងប្រទេសកម្ពុជា។

លោកបានបន្តទៀតថា ស្តែងចេញពីការយកចិត្តទុកដាក់នេះហើយ ទើបធ្វើឲ្យយើងទាំងអ់គ្នាបានជួបជុំគ្នានៅទីនេះ ក្នុងពិធីបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន នាឱកាសនេះ។ ដោយយោងតាមស្មារតីសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ និងពិនិត្យឃើញថា ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិសុវត្ថិភាព អាយុជីវិត ជូនប្រជាពករដ្ឋ អ្នកវិនិយោគភ្ញៀវទេសចរជាតិ អន្តរជាតិ។

បើតាមលោក លឹម សុខារស្មី ការបើកវគ្គបណ្តុះបណ្តាលនេះ គឺមិនមែនមើលងាយសមត្ថភាពដល់បងប្អូន ដែលជាសន្តិសុខឯកជននោះទេ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពដល់ពួកគេ បន្ថែមទៀតទាំងជំនាញការពារ និងគ្រប់គ្រងស្ថានភាពផ្សេងដែលកើតឡើង ដោយយកថាហេតុណាមួយ៕

`