(ក្រចេះ)៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញមុខទាមទារឱ្យតុលាការ និងរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ជូនពលរដ្ឋនៅខេត្តក្រចេះ រួមទាំងខេត្តចំនួន៣ទៀត ក្រោយទណ្ឌិត សម​ រង្ស៊ី មេចលនាសង្រ្គោះជាតិ​ លួចចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣​។

ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

លោក ហេង ផល្លី ជាមន្ដ្រីរាជការដែលបានចូលនិវត្តន៍ នៅសង្កាត់ក្រចេះ ក្រុងក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រូបលោក និងពលរដ្ឋខេត្តក្រចេះ ដាច់ខាតត្រូវតែតវ៉ាប្រឆាំងនឹង សម​ រង្ស៊ី និងអតីតគណបក្សសង្រ្គោះជាតិ។ លោកមិនគាំទ្រដាច់ខាត ដែលជនក្បត់ជាតិ ហ៊ានកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

​មន្ដ្រីរាជការចូលនិវត្តន៍រូបនេះ បានថ្លែងយ៉ាងដូច្នេះថា ​«ខ្ញុំមានកំហឹង និងការឈឺចាប់ចំពោះលោក សម រង្ស៊ី ដែលកាត់ទឹកដីខ្មែរ៤ខេត្តឱ្យទៅវៀតណាម ហើយលោក សម រង្ស៊ី ជាកូនសម សារី ជនក្បត់ជាតិ។ ខ្ញុំចង់ឱ្យតុលាការ កាត់ទោសលោក សម រង្ស៊ី ដើម្បីឱ្យគេមើលឃើញច្បាស់ថា​ សម រង្ស៊ី ជាជនក្បត់ជាតិ លក់ទឹកដីឱ្យទៅវៀតណាម និងសូមឱ្យសម្ដេចតេជោ បិទស្រុកកុំឱ្យលោក សម រង្ស៊ី ចូលស្រុកតទៅទៀត»

លោក​បន្ដថា លោកក្នុងនាមជាកូនខ្មែរមួយរូប សុខចិត្តប្ដូរស្លាប់ យកអាយុជីវិតទៅប្ដូរ ដើម្បីការពារទឹកដីមិនឱ្យជនបរទេសណាមួយ មកជ្រៀតជ្រែក ឬដណ្ដើមយកទឹកដីខ្មែរបានមួយចង្អាមណាឡើយ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕