(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល ​បានបញ្ជាឱ្យអធិការនគរបាលស្រុកកងមាស និងកម្លាំងប៉ុស្តិ៍ព្រែកក្របៅ សហការជាមួយអាជ្ញាធរឃុំព្រែកក្របៅ និងជំនាញរដ្ឋបាលជលផលខេត្ត ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុច​ទំនប់តាកុត ស្ថិតនៅខាងកើតភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស។

ប្រតិបតិ្ដការបង្ក្រាប បានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ​ជាលទ្ធផល សមត្ថកិច្ចបានដកហូតអួនស្បៃ ចំនួន០១វង់ ប្រវែង១៧០ម៉ែត្រ ចំពោះសម្ភារៈវត្ថុតាង យកមករក្សាទុកនៅកន្លែងសហគមន៍បឹងធំ បណ្តោះអាសន្ន​រងចាំចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា កន្លងទៅកម្លាំងនគរបាលចម្រុះខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសនេសាទនៅក្នុងមូលដ្ឋានជាបន្ដបន្ទាប់ ខណៈដែលលោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា នឹងបន្ដបង្ក្រាបបទល្មើសនេសាទ និយាយដោយឡែក និងនិយាយជារួមរាល់គ្រប់បទល្មើសទាំងអស់ ឲ្យខាងតែបាន៕