(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពាក់ព័ន្ធនឹងករណី លោក មឿន តុលា នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ គឺក្រសួងការងារគ្រាន់តែផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីស្វែងរកភស្តុតាងដោះបន្ទុក ប៉ុន្តែការសម្រេចលើកលែងទោស ឬយ៉ាងណានោះ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ។

ឆ្លើយតបនឹងសំណួរបស់អង្គភាព Fresh News ពាក់ព័ន្ធជាមួយនឹងសំណំុរឿងរបស់ លោក មឿន តុលានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លើយបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបានផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីស្វែងរកភស្តុតាងដោះបន្ទុក ដែលអាចស្នើសំុតុលាការលើកលែង ការចោទប្រកាន់សំណំុរឿងព្រហ្មទណ្ឌលេខ៥៧៥០ លើលោក មឿន តុលា។ ប៉ុន្តែការសម្រេចលើកលែង ឬយ៉ាងណានោះ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ បន្ទាប់ពីតុលាការទទួលបាន អង្គហេតុបន្ថែម»។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា លោក មឿន តុលា ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌឆ្នាំ២០១៦ហើយ។

លោក មឿន តុលា ត្រូវបានចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមបញ្ញាត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕