(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលរលាយ, នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសថា កូនរបស់លោក គឺលោក អេង រតនៈ មានបញ្ហាសុខភាព ទើបបង្ហោះ ​Facebook ចង់បង្កើតគណបក្សនយោបាយ។

ជាមួយគ្នានេះលោក អេង ឆៃអ៊ាន បានអំពាវនាវដល់សាធារណជន និងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ កុំឱ្យចាប់អារម្មណ៍នឹងការបង្ហោះ Facebook របស់កូនលោក។

លោក អេង ឆៃអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អេង រតនៈ កូនប្រុសខ្ញុំ គាត់មានបញ្ហាសុខភាព ដែលក្រុមគ្រួសារខ្ញុំ កំពុងខ្វល់ខ្វាយយ៉ាងខ្លាំង ។ ដូច្នេះ សូមបងប្អូនជនរួមជាតិ កុំយកចិត្តទុកដាក់ឬចាប់អារម្មណ៍នឹងការសរសេរផុសតាមបណ្តាញសង្គមរបស់គាត់»។

សូមបញ្ជាក់ថា លោក អេង រតនៈ កូនរបស់ លោក អេង ឆៃអ៊ាង នៅថ្ងៃសុក្រនេះ បានចេញមកប្រកាសបង្កើតគណបក្សថ្មីមួយដែរនោះគឺ «គណបក្សសម្តេចឪ»។ លោក អេង រតនៈ បានអះអាងតាមបណ្តាញសង្គម Facebook ថា គណបក្សរបស់ខ្លួន នឹងប្រើប្រាស់និម្មិតសញ្ញា (Logo) អ៊ុនតាក់ ហើយមានអ្នកល្បីៗ ក្នុងអតីតគណបក្សសង្រ្គោះជាតិ ចូលរួមដែរ៕