(សៀមរាប)៖ ហាងលក់ម៉ូតូ ហុងដា សៀមរាប-ដំដែក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ 

ហាងលក់ម៉ូតូ ហុងដា សៀមរាប-ដំដែក មានលោកស្រី គង់ កល្យាណនី គឺជាម្ចាស់ហាង ហើយពិធីសម្ពោធនោះក៏មានការចូលរួមក្រោមអធិបតីភាពរបស់លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អិន ស៊ី អិច និងមានការចូលរួមដោយតំណាងសាខាចែកចាយរបស់ក្រុមហ៊ុន លោក លោកស្រី ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងអតិថិជនជាច្រើនរូបទៀត ។

លោក ប៊េន កៀស៊្រីថាណាកន ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានលើកឡើងថា ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារខេត្តសៀមរាប តាំងពីឆ្នាំ២០០៧មកម្ល៉េះ ។ ដោយកម្ពុជា មានសេដ្ឋកិច្ចរីកចម្រើន ហើយខេត្តសៀមរាប ដែលគេស្គាល់ថា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទីពីររបស់កម្ពុជា ដោយផ្អែកទៅលើលក្ខណៈសម្បត្តិភូមិសាស្ត្រ ក៏ដូចជាការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវអាកាស ។ បច្ចុប្បន្ននេះ យើងមានសាខាចំនួន៤ ដោយរាប់ទាំងសាខាដែលទើបតែសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ និងមានអនុសាខាចំនួន ៦ទៀតត្រូវបានបង្កើតឡើង ផងដែរ ។

លោកបានបន្ថែមថា ការបង្កើតហាងលក់ម៉ូតូ ហុងដា សៀមរាប-ដំដែក នេះ គឺផ្ដល់នូវទីតាំងសាខាបន្ថែមនៅក្នុងតំបន់នេះសម្រាប់ភាពងាយស្រួលដល់អតិថិជន ក្នុងការមកទទួលសេវាកម្មជួសជុល និងគ្រឿងបន្លាស់ នឹងដើម្បីបង្កើនសមត្ថភាពបន្ថែម​លើការទទួលខុសត្រូវសេវាកម្មក្រោយពីការលក់ ដែលជាការផ្ដល់ជូននូវភាពជឿជាក់ដល់អតិថិជន ក្នុងការបន្តប្រើប្រាស់ម៉ូតូ ដែលផលិតដោយក្រុមហ៊ុន អិន ស៊ី អិច ។

លោកមានសង្ឃឹមថា ៖ អតិថិជនទាំងអស់ដែលរស់នៅក្នុងតំបន់នេះ និងក្បែរៗនេះ នឹងទទួលបានសេវាកម្មតំហែទាំម៉ូតូទាំងអស់គ្នា ក្រោយពីការដាក់ឲ្យដំណើរការហាងលក់ម៉ូតូ ហុងដា សៀមរាប-ដំដែក នៅថ្ងៃនេះ។ សូមបញ្ជាក់ ផងដែរ ថា ៖ ហាងម៉ូតូ ហុងដា សៀមរាប-ដំដែក គឺជាសាខាលក់ម៉ូតូ ហុងដា ទី៤ នៅក្នុងខេត្តសៀមរាប និងជាសាខាទី ៦៧នៅទួទាំងប្រទេស ។ថ

លោកស្រី គង់ កល្យាណនី ដែលជាម្ចាស់ហាងថ្មីនេះ បានប្រាប់ឲ្យដឹងថា ហាងរបស់លោកស្រី មានលក់ម៉ូតូម៉ាក ហុងដា ជាច្រើនប្រភេទ ដោយមានការធានានូវគុណភាពត្រឹមត្រូវ និងផ្ដល់សេវាកម្មតំហែទាំ និងជួសជុលដោយជាងជំនាញ់ៗ ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាថាមិនក្លែងក្លាយ ជូនអតិថិជនទាំងអស់ទៀតផង ៕