(ភ្នំពេញ)៖ នៅសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ «វិញ្ញបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនក្រុមហ៊ុនចំនួន៣ ដើម្បីអាចបើករោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបនៅកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ។

យោងតាមការប្រកាសរបស់ CDC រោងចក្រថ្មីៗ៣ទៀតនេះ សរុបទុនវិនិយោគចំនួនជាង១០លានដុល្លារអាមេរិក បង្កើតការងារថ្មីជូនប្រជាពលរដ្ឋខ្មែរជាង៤ពាន់កន្លែង។

រោងចក្រថ្មីទាំង៣ ដែលទទួលបានសិទ្ធិបើកនៅកម្ពុជាមានដូចជា៖

១៖ ក្រុមហ៊ុន YILAIFA (CAMBODIA) GARMENT CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវវេងស្រេង ក្រុមទី៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩២៤កន្លែង។

២៖ ក្រុមហ៊ុន MIMASU INDUSTRIES (CAMBODIA) CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦០កន្លែង។

៣៖ ក្រុមហ៊ុន WAM FA LEATHER CO., LTD.: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៦៥០កន្លែង។​

សូមជម្រាបថា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន បរិយាកាសវិនិយោគអំណោយផលនោះ ធ្វើឲ្យវិនិយោគិនទាំងក្រៅស្រុក និងក្នុងស្រុក នាំគ្នាសម្រុកវិនិយោគបើករោងចក្រ ដោយគ្មានការព្រួយបារម្ភ៕