(សិង្ហបុរី)៖ នៅថ្ងៃព្រឹកទី២៨ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលផ្លូវការអាស៊ានលើកទី ៣២ នៅ Island Ballroom, Shangri-La Hotel។ នេះបើតាមការបញ្ជាក់លើ Facebook ផ្លូវការរបស់សម្តេចតេជោ។

បើតាម Facebook របស់សម្តេចតេជោ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលផ្លូវការអាស៊ានលើកទី៣២ សម្តេចតេជោប្រមុខដឹកនាំ នឹងអញ្ជើញទស្សនាពិពណ៍ស្តីពី ប្រជាជាតិវៃឆ្លាត «Smart Nation» ដែលបង្ហាញពីទីក្រុងគម្រូសិង្ហបុរី និងគោលនយោបាយគ្រប់គ្រងទិន្នន័យ និងកាបូបលុយប្រើតាមទូរស័ព្វចល័ត។

តាមគម្រោងកម្មវិធី សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមប្រជុំកំពូលអាស៊ានលើកទី៣២ចង្អៀត នៅម៉ោង ១១៖០០ដល់ម៉ោង១២៖៣០រសៀល ហើយបន្ទាប់មក សម្តេចតេជោ នឹងពិសារបាយថ្ងៃត្រង់មុននឹងអញ្ជើញចាកចេញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលបានរៀបចំដោយ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong ដើម្បីស្វាគមន៍ និងអបអរសាទរក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី។

ពិធីលៀងសាយភោជន៍កាលពីយប់មិញនេះ គឺមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំ នៃគណៈប្រតិភូអាស៊ានទាំង១០ ព្រមទាំងមន្រ្តីសំខាន់ៗ ដែលជាដៃគូអាស៊ានជាច្រើនរូបទៀតផង។ ពិធីជួបជុំនេះ គឺបានរិតចំណងមិត្តភាព និងបង្កើននូវកិច្ចសហប្រតិបត្តិការ កាន់តែល្អរឹងមាំរវាងប្រទេសសមាជិកអាស៊ានទាំងអស់ ស្របពេលនៃសមាហរណកម្មអាស៊ានទាំងមូល៕