(ស្វាយរៀង)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងផុ្តល់បណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស ជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តំបន់សានតុង សាន់សេល, នាគរាជ, មេនហាធេន, ធីលូ ចំនួន៣៤០នាក់ នៅក្នុងខេត្តស្វាយរៀង។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីភាព លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃ ប.ស.ស ហើយកម្មវិធីនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ខេត្តស្វាយរៀង។

លោក ជាវ ប៊ុនរិទ្ធ បានថ្លែងថា ពិធីនេះត្រូវបានរៀប​ចំឡើង ក្នុងគោលបំណងចែកបណ្ណសម្គាល់​យានយន្ត​សម្រាប់ចេញ-ចូល​បរិវេណតំបន់សេដ្ឋកិច្ច ដើម្បីបង្កើតភាព ​ងាយស្រួល​ក្នុងការចេញ-ចូលរថយន្តដឹកកម្មករ និងជាពិ​សេស ចែកបណ្ណមូលនិធិសមធម៌​សុខាភិបាល​ ដល់អ្នកបើកបររថយន្ត​ដឹកកម្មករ ដើម្បីឱ្យ​គាត់មានសិទ្ធិទៅប្រើសេវាពិនិត្យ និងព្យាបាលជំងឺពីមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ។

លោកបានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ ជាបន្ទុកដ៏ធំដល់រាជរដ្ឋាភិបាល ដែលបានបង្កឱ្យបាត់បង់ជីវិត របួស ពិការភាព ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ជាពិសេសកម្មករ កម្មការិនី នៅពេលកំពុងធ្វើដំណើរទៅ និងត្រឡប់មកពីបំពេញការងារ ដោយមធ្យោបាយនានា។

លោកក៏បានបញ្ជាក់​បន្ថែមទៀតថា ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុកនេះ ប.សស បានធ្វើការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយអ​ប់រំច្បាប់ ស្តីពីចរាចរណ៍​ផ្លូវគោក ដល់កម្មករ​និយោជិក និងអ្នកបើកបររួមមាន៖

ទី១៖ បណ្តុះបណ្តាលគ្រូបង្គោល ១០លើក ស្មើនឹង ៧៣១នាក់
ទី២៖ បណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម ០៣លើក ស្មើនឹង ១៣២នាក់
ទី៣៖ ប្រជុំផ្សព្វផ្សាយអប់រំ ១ ០៩០លើក ស្មើនឹង ១៨៣ ៦៩១ នាក់
ទី៤៖ បណ្ដុះបណ្ដាល និងបំប៉ន សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ ១៥០លើក ស្មើនឹង ៩ ១៨៤នាក់
ទី៥៖ ប្រឡងយកបណ្ណបើកបរ ៤០លើក ស្មើនឹង ៣ ១២៣នាក់ ជាប់ជាស្ថាពរចំនួន ២ ០៦០នាក់
ទី៦៖ ចែកបណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ ២៣លើក ស្មើនឹង ២ ០៦០នាក់
ទី៧៖ បំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ ១៤០រោងចក្រ ស្មើនឹង ១៤៦បដា
ទី៨៖ ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ២ ៥៤៧បណ្ណ និងបណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូល ១ ៨៩៥បណ្ណ។

លោក ជាវ ប៊ុនរិទ្ធ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះម្ចាស់តំបន់សេដ្ឋកិច្ច តាយ សេង ក៏ដូចជាថៅកែរោងចក្រ A and J (Cambodia) Co., Ltd ដែលបានចូលរួមសហការជាមួយ ប.ស.ស កាលពីពេលកន្លងទៅ ក្នុងការផ្តល់ទីតាំងប្រារព្ធពិធី អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតជាដើម៕