(រតនគិរី)៖ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកអំណោយមនុស្សធម៌ មូលនិធិសង្គមអគ្គិសនីកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ ចំនួន​២២​គ្រួសារ នៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី​ លោក លោកស្រីសមាជិក សមាជិកា លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោក លោកស្រីប្រធាន និងសមាជិកគណៈកម្មាធិការសាខាអនុសាខា យុវជន អ្នកស្ម័គ្រចិត្តជាច្រើនរូបទៀតផងដែរ។

​លោក ថង សាវុន បានថ្លែងនូវការ ចូលរូមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូន ដែលបណ្តាលពីខ្យល់កន្ត្រាក់ ជាពិសេសបាន​នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «​កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

លោកប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណដល់អគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភសម្ភារ និងថវិកាជាអំណោយមនុស្សធម៌ ចែកជូនដល់ជនរងគ្រោះ នាឱកាសនោះ​។

អំណោយមនុស្សធម៌ ក្នុង១គ្រួសារមាន៖ អង្ករ ៥០គីឡូក្រាម, តង់១, មុង១, ភួយ១, សារុង១, ក្រមា១, មី​១​កេស, ត្រីខ​១យួរ, ទឹកស៊ីអ៊ីវ​១យួរ និងថវិកាសរុប​២លាន​៨ម៉ឺនរៀល និងសាខា​កាកបាទក្រហម​ខេត្ត ក៏ប្រគេនបច្ច័យចំនួន​២០​ម៉ឺនរៀល សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃគង់នៅវត្តសង្គមផងដែរ៕