(ភ្នំពេញ)៖ លោក Bill Clough ប្រធាន និងជាចាងហ្វាងការផ្សាយកាសែត Phnom Penh Post (ភ្នំពេញប៉ុស្តិ៍) និងសារព័ត៌មាន Post Khmer (ប៉ុស្តិ៍ខ្មែរ) បានចេញសេចក្តីប្រកាសឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានលក់ទៅឲ្យវិនិយោគិនម៉ាឡេស៊ី ដែលមានឈ្មោះថា Sivkumar G. (Siva) បាត់ទៅហើយ។ នេះបើយោងតាមអ្វីដែលមានចែងនៅក្នុងសេចក្តីប្រកាសជាផ្លូវការរបស់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨ នេះតែម្តង។
សេចក្តីប្រកាសបានបញ្ជាក់ថា លោក Siva គឺជាអ្នកសារព័ត៌មានម្នាក់ មានបទពិសោធន៍ជាអ្នកសារព័ត៌មាន ហើយថែមទាំងជាតំណាងនៃក្រុមអ្នកវិនិយោគដ៏រឹងមាំពីប្រទេសម៉ាឡេស៊ីទៀតផង។ ភ្នំពេញប៉ុស្តិ៍បានដំណើរការមកអស់រយៈពេល ២៦ឆ្នាំ ទៅហើយ ដោយចាប់ផ្តើមពីដំបូងក្រោមការដឹកនាំរបស់លោក Michael Hayes នៅឆ្នាំ១៩៩២ ជាមួយនឹងការបោះពុម្ពផ្សាយព័ត៌មាន ប្រកបដោយសេចក្តីក្លាហាន រយៈពេលរៀងរាល់ពីរសប្តាហ៍ម្តង។
លោក Bill បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា «នៅពេលដែលក្រុមអ្នកវិនិយោគរបស់យើងបានសម្រេចចិត្តថា នឹងទិញវាពីលោក Michael ក្នុងឆ្នាំ២០០៨នោះ យើងក៏ផ្លាស់ប្តូរភ្លាមៗទៅធ្វើការចេញផ្សាយជាប្រចាំថ្ងៃ ដូចមកទល់នឹងសព្វថ្ងៃនេះតែម្តង រួចបន្ទាប់មកយើងក៏ធ្វើការទិញម៉ាស៊ីនបោះពុម្ពព័ត៌មានដោយខ្លួនឯង និងបំបែកប្រភពផ្សាយព័ត៌មានថ្មីមួយទៀតគឺ ប៉ុស្តិ៍ខ្មែរ (Post Khmer) នៅរយៈពេលមួយឆ្នាំបន្ទាប់។ ខ្ញុំសូមសម្តែងនូវអំណរគុណ ចំពោះដៃគូទាំងឡាយ ដែលបានត្រួសត្រាយផ្លូវ ឲ្យយើងធ្វើដំណើរក្នុងដំណាក់កាលកន្លងមក ក្នុងនោះរួមទាំងសហការី Ross Dunkley, David Armstrong និង Kevin Murphy ផងដែរ»។
បន្ថែមពីនេះទៀត លោក Bill បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយលោកសូមកោតសរសើរចំពោះភាពឈានមុខគេក្នុងការដឹកនាំវិស័យឧស្សាហកម្ម នៃសារព័ត៌មានក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេល ០៤ទសវត្សរ៍មកនេះ។ លោក Bill បានសង្កត់ធ្ងន់ថា «បុរសដែលមានបេះដូងជាអ្នកកាសែតមួយរូបនេះ លោកបានគាំទ្រយ៉ាងខ្លាំងក្លាចំពោះកាសែតភ្នំពេញប៉ុស្តិ៍ ចាប់តាំងពីការចាប់ផ្តើមមកម្ល៉េះ។ ភាពជាអ្នកដឹកនាំរបស់លោក បានរំលឹកខ្ញុំថា នេះគឺជាប្រទេសដែលអ្នកអាចធ្វើពាណិជ្ជកម្ម ទោះបីជាក្នុងប្រភេទនៃឧស្សាហកម្មមួយ ដែលមានភាពចម្រូងចម្រាសដូចជាយើងក៏ដោយ...។ ភ្នំពេញប៉ុស្តិ៍គឺជាកាសែតឯករាជ្យ និងគ្មានអ្វីត្រូវខ្លាចនោះឡើយប្រសិនបើយោងគោរពច្បាប់នោះ...»។
ជាចុងក្រោយ លោក Bill បានបញ្ជាក់ថា លោកសូមផ្ទេរទៅឲ្យលោក Siva ដោយលោកធ្វើបែបនេះ ក៏មានការសោកស្តាយបន្តិចបន្តួចដែរ ប៉ុន្តែលោកក៏រំភើប និងមានទំនុកចិត្តថា ក្រុមការងាររបស់លោកនឹងធ្វើទៅតាមនូវអ្វី ដែលពួកគេតែងនិយាយថា ពួកគេមានផែនការកសាងពីមូលដ្ឋានគ្រឹះដែលរឹងមាំស្រាប់កាលពី ២៦ឆ្នាំមុន និងបូកបន្ថែមនូវជីវិតបែបពាណិជ្ជកម្ម ដែលរីកចំរើនទៅមុខ។ លោក Bill បានថ្លែងថា «ខ្ញុំសូមជូនពរឲ្យពួកគេសម្រេចជោគជ័យ»៕