(ភ្នំពេញ)៖ ឡសម្ងួតនិងឃ្លាំងស្តុកស្រូវកម្ពុជា-កូរ៉េ ស្ថិតនៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកាហើយ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោក Oh Nak Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ។
លោក វេង សាខុន បានបញ្ជាក់ថា គម្រោងឡសម្ងួតនិងឃ្លាំងស្តុកស្រូវកម្ពុជា-កូរ៉េ ដែលបានកសាងលើផ្ទៃដី ១៩៩៥ ម៉ែត្រការ៉េ ត្រូវបានចំណាយអស់ថវិកាប្រមាណជា ២,៨ លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ឡសម្ងួតមានសមត្ថភាពសម្ងួតស្រូវ ៨០ តោនក្នុងមួយថ្ងៃ និងឃ្លាំងស្តុកស្រូវចំណុះ ៦០០ តោន ជាផ្នែកមួយនៃគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទកូរ៉េ ។
លោកបន្តថា ឡសម្ងួត និងឃ្លាំងស្តុកស្រូវនេះ ផ្តល់ជាផលប្រយោជន៍វិជ្ជមានដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់មធ្យោបាយសម្ងួតនិងរក្សាទុកស្រូវសមស្របមួយ និងបច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផលនៅនឹងមូលដ្ឋាន ក្នុងគោលបំណងបង្កើនតម្លៃបន្ថែមនៃស្រូវនិងបង្កើនប្រាក់ចំណូលដល់កសិករនៅក្នុងសហគមន៍កសិករនៅក្នុងស្រុកបាធាយ សម្រាប់រយៈពេលវែង៕