(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឃាត់ខ្លួននាយកសាលាបឋមសិក្សាព្រៃតាហ៊ូម្នាក់ ក្រោយបុរសរូបនេះ បានបង្ហោះខ្លឹមសារ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook។
លោកវរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ក្រោមបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ ខ្ញុំបានដឹកនាំកម្លាំង សហការជាមួយ ផែនជំនាញសន្តិសុខ ចុះទៅឃាត់ខ្លួនឈ្មោះ ឃាង ណាវី អាយុ៥០ឆ្នាំ មុខងារជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយសារប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook»។
លោកវរសេនីយ៍ត្រី បានបន្តថា ជននេះបានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម FaceBook ដែលបានប្រើគណនីឈ្មោះ «គ្រូប្រពន្ធស» ហើយពេលនេះសមត្ថកិច្ចកំពុងដំណើរការ តាមនីតិវិធី។
បើយោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។
ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕