(ភ្នំពេញ)៖ អង្គការ Necfec និង អង្គការ Comfrel បានប្រកាសថា ខ្លួននឹងមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ទោះជាអង្គការទាំងពីរនេះមិនចូលរួម ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតខាងមុខនេះឡើយ ដោយសារតែការចូល ឬមិនចូលធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា បើតាមមាត្រា១០ ច្បាប់ជ្រើសតាំងតំណាងរាស្រ្ត អង្គការជាតិ-អន្តរជាតិអាចចូលរួម ក្នុងការសង្កេតការណ៍បោះឆ្នោតបាន ប៉ុន្តែពួកគេក៏មានសិទ្ធិមិនចូលរួមផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនជាការចាប់បង្ខំទេ គាត់ចូល ឬមិនចូលជាសិទ្ធិរបស់គាត់ មិនប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោតទេ»។ លោកបានបន្តថា «ពេលនេះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដទៃទៀត កំពុងតែដាក់ពាក្យ ហើយយើងក៏បានទទួលស្គាល់ ជាង២ពាន់នាក់ហើយដែរ ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ អញ្ចឹងមានន័យថា បាត់១ រកបាន១០»។
ការប្រកាសមិនចូលរួម សង្កេតការណ៍បោះឆ្នោត របស់អង្គការ Necfec និង អង្គការ Comfrel ខាងលើនេះ គឺបានធ្វើឡើងស្របពេលនឹងការអំពាវនាវរបស់ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ អំពាវនាវកុំឱ្យប្រជាពលរដ្ឋកម្ពុជា ទៅបោះឆ្នោត និងជំរុញឱ្យអន្តរជាតិ កុំចូលរួមឬទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតកម្ពុជា នាខែកក្កដាខាងមុខនេះ ដរាបណាអតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមប្រកួតប្រជែង។
ការប្រកាសយ៉ាងតក់ក្រហល ក្នុងការមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតរបស់ អង្គការ Necfec និង អង្គការ Comfrel នាពេលនេះ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីអ្នកតាមដាននយោបាយនៅកម្ពុជាផងដែរ ដោយសារតែការសម្រេចនេះហាក់ធ្វើឡើងតាមការបង្គាប់បញ្ជា និងដាក់សម្ពាធរបស់អ្នកនយោបាយក្រៅច្បាប់ ដែលធ្វើឱ្យគេមើលឃើញថា អង្គការទាំងពីរនេះ ពុំមានភាពឯករាជ្យ តាមអ្វីដែលខ្លួនធ្លាប់អះអាង ខាងមុខនេះឡើយ។
សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងធ្វើឡើងដោយគ្មានការពន្យារពេល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ មានគណបក្សចំនួន២០ បានចុះឈ្មោះចូលរួម និងចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតនេះ ក្នុងនោះមានគណបក្ស៥ បានទទួលស្គាល់ជាផ្លូវការហើយ ខណៈគណបក្សចំនួន១៥ ទៀត គ.ជ.ប កំពុងពិនិត្យសម្រេច។
តាមការវិភាគ និងព្យាករណ៍របស់គ.ជ.ប ការបោះឆ្នោតអាណត្តិនេះ នឹងអាចមានគណបក្សចូលរួមទាំងថ្មីទាំងចាស់ច្រើនជាងការបោះឆ្នោតកាលពីអាណត្តិទី០៥ នាឆ្នាំ២០១៣ ដែលមានគណបក្សនយោបាយតែ៨ប៉ុណ្ណោះចូលរួម៕