(កណ្តាល)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានសហការជាមួយអាជ្ញាធរខេត្តកណ្តាល រៀបចំ «វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» នៅខេត្តកណ្តាល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តនេះ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល។

វេទិកាសន្ទនានាថ្ងៃនេះ បានផ្តល់បរិយាកាសស្និទ្ធស្នាល សម្រាប់កិច្ចសន្ទនា និងជជែកពិភាក្សាដោយត្រង់ទៅត្រង់មក រវាង វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងបញ្ហាប្រឈមជាក់ស្តែង ដែលកំពុងកើតមាននៅក្នុង មូលដ្ឋានក្នុងខេត្តកណ្តាល រួមទាំងសំណូមពរមួយចំនួនផងដែរ។ ជាលទ្ធផល អង្គវេទិកាបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរមួយចំនួន នៅក្នុងកិច្ចសន្ទនាដោយផ្ទាល់តែម្តង។ ដោយឡែកបញ្ហាប្រឈមមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ ត្រូវបានលើកទៅពិភាក្សាបន្តជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលថា វ.ស.ស. មានតួនាទីជាអ្នកសម្របសម្រួល ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕