(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៦៨៣គ្រឿង រកឃើញល្មើសច្បាប់៧៨០គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ២៨១គ្រឿង និងផាកពិន័យ៤៩៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៦ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៨៧៣គ្រឿង អប់រំ១៤៦គ្រឿង និងផាកពិន័យចំនួន៤១០គ្រឿង។ ដោយឡែកចំពោះនៅរាជធានីភ្នំពេញ ឃាត់យានយន្ត៦១៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៦,៧៤១គ្រឿង រកឃើញយានយន្តល្មើស ៨,៩១០(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៣,៣៥២គ្រឿង និងផាកពិន័យ៥,៥៥៨គ្រឿង (ម៉ូតូ៩៥ភាគរយ)៕