(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងប្រតិកម្មខ្លាំងៗចំពោះការលើកឡើង​ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់មេដឹកនាំអង្គការ NGO ដោះមីនរបស់បរទេសនៅកម្ពុជា ដែលលើកឡើងថា មីននៅក្នុងប្រទេសកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា បើសិនជាមេដឹកនាំអង្គការ NGO ដែលតែងតែលើកឡើងសំដីគ្មានមូលដ្ឋានថា មីននៅស្រុកខ្មែរស្អុយអស់មែននោះ សូមឲ្យអ្នកទាំងនោះ អញ្ជើញចុះទៅពិនិត្យ និងដើរលើចំការមីនសាកមើល ដើម្បីឲ្យដឹងប្រាកដថា មីននៅស្រុកខ្មែរស្អុយពិតមែន ឬយ៉ាងណា?។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបកស្រាយនេះ គឺជាការរាំងស្ទះដល់ការអនុវត្តសកម្មភាពដោះមីននៅកម្ពុជា ហើយថា អាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់​ច្រឡំ ​​បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យមានការ បកស្រាយឲ្យបានច្បាស់ ទៅលើចំណុចនេះ (មីនស្អុយអស់) សូមកុំប្រថុយប្រថាន ហើយប្រសិនបើ​បន្ដការបកស្រាយបែបនេះតទៅទៀត ខ្ញុំសូមអញ្ជើញអ្នកបកស្រាយទាំងនោះ រួមគ្នាជាមួយអ្នកគាំទ្រការបកស្រាយដែលថាមីន នៅក្នុងប្រទេសកម្ពុជាស្អុយ និងខូចគុណភាពអស់នោះ សូមធ្វើដំណើរទៅកាន់កន្លែងមីន សាកល្បងខ្លួនឯងទៅ នេះទើបដឹងរឿងពិត»

សម្ដេចបានថ្លែងថែមទៀតថា «ការបកស្រាយបែបនេះ អាចធ្វើឲ្យប្រជាជនមានការភ័ន្ដច្រឡំ ខ្វះការប្រុងប្រយ័ត្នក្នុងពេលដែលយើងកំពុង​ឃោសនា ដាក់នៅវិធានការទាំងឡាយ ពាក់ព័ន្ធនឹងការបម្រាមបញ្ជាក់ថា ជាតំបន់សង្ស័យថាមានមីន មិនទាន់ឲ្យប្រជាជនចូល នឹងធ្វើឲ្យប្រជាជនបាត់បង់ការប្រុងប្រយ័ត្ន»

សម្ដេចតេជោបានថ្លែងទៀតថា សូមប្រយ័ត្នចំពោះការបកស្រាយណាមួយ ព្រោះជីវិតមនុស្សមិនអាចលេងសើចបាននោះទេ ដែលអាច​នាំទៅដល់បញ្ហាគ្រោះថ្នាក់។ បើសិនជានៅតែបន្ដការបកស្រាយបែបនេះ សូមមេត្តាអញ្ជើញទៅខ្លួនឯងសាកល្បងនៅចំការមីន ​ហើយមិនបាច់ប្រើប្រាស់គ្រឿងចក្រនោះទេ ដើម្បីដឹងប្រាកដថា មីនស្អុយ ឬមិនស្អុយនោះ។

ប្រតិកម្មខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើបន្ទាប់សម្តេចបានអានព័ត៌មាន Fresh News ដកស្រង់សំដីរបស់អគ្គនាយកស៊ីម៉ាក់ ប្រតិកម្មចំពោះមេដឹកនាំអង្គការ NGO ដោះមីនរបស់បរទេសនៅកម្ពុជា ដែលអង្គការនោះបានលើកឡើង ក្នុងសន្និបាតជាតិវិស័យសកម្មភាពមីន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដែលថា «គ្រាប់មីននៅកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយនោះ»។

យ៉ាងណាអគ្គនាយកស៊ីម៉ាក់ មិនបានបញ្ជាក់ឈ្មោះអង្គការ NGO ដែលលើកឡើងនូវសំដីគ្មានមូលដ្ឋាននេះនោះទេ។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរ នៅតែប្រឈមគ្រោះថ្នាក់ ដោយសារគ្រាប់មីន។ ជាក់ស្តែងប៉ុន្មានថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋខ្មែររងគ្រោះ ដោយសារផ្ទុះគ្រាប់មីនតោន និងគ្រាប់យុទ្ធភណ្ឌ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅខេត្តព្រះវិហារ និងបន្ទាយមានជ័យជាដើម។ មិនត្រឹមតែគ្រាប់មីនទេ ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋខ្មែរ គ្រាប់បែកចង្កោម និងគ្រាប់បែកគីមី ក៏ត្រូវបានរកឃើញជាច្រើនសន្ធឹកលើទឹកដីខ្មែរដែរ ដែលទាមទារឲ្យរាជរដ្ឋាភិបាលប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ទៅទៀត៕