(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោត ចំនួន២,១៧៨នាក់ ដែលមកពីស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខណៈដែលអ្នកសង្កេតការណ៍១,៥៧៤នាក់ផ្សេងទៀត កំពុងតែត្រួតពិនិត្យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាម គ.ជ.ប អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិដែលកំពុងត្រួតពិនិត្យនោះរួមមាន មកពីសមាគមសហព័ន្ធនិស្សិត បញ្ញាវ័ន្ដប្រជាធិបតេយ្យកម្ពុជា ចំនួន១,៥៤៦នាក់, មកពីសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម ចំនួន២៥នាក់ និងមកពីស្ថានទូតអង់គ្លេស ចំនួន៣នាក់។
សូមបញ្ជាក់ថា ការប្រកាសទទួលស្គាល់នេះ ធ្វើឡើងស្របពេលដែលអង្គការ Necfec និង អង្គការ Comfrel ប្រកាសថា ខ្លួននឹងមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។
យ៉ាងណាមិញ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន៩៦គ្រឹះស្ថាន នៅគ្រប់២៥ខេត្តក្រុង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បានប្រកាសបញ្ជូនសមាជិកប្រមាណ២០០០នាក់ ដើម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតដ៏ធំមួយនេះផងដែរ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅខាងក្រោមនេះ៖