(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា ការអនុម័តច្បាប់ ដែលចង់ដាក់បន្ទុកលើ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលធ្វើឡើងដោយសមាជិកសភាអាមេរិកពីរបីនាក់នោះ នឹងមិនអាចចេញជាលទ្ធផលឡេីយ។
ការលើកឡើងរបស់ លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និងលោក ថិត យូហូ (Ted Yoho) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ចង់បង្កើតច្បាប់ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន បានចាត់ទុកថា ការធ្វេីច្បាប់ដែលហៅថា ដេីម្បីដាក់គំនាបមកលេីកម្ពុជានេះ គ្រាន់តែជាការបង្ហាញកាន់តែច្បាស់ នូវការកាន់ជេីងអាយ៉ងរបស់ខ្លួន ដែលប្រព្រឹត្តល្មេីសច្បាប់ក្បត់ជាតិប៉ុណ្ណោះ។ លោកបន្តថា វាជាទង្វេីរំលោភឯករាជ្យ និងអធិបតេយ្យកម្ពុជា ដែលមិនអាចលាក់បាំងបានឡេីយ ហើយក៏ជាការជួយអាយ៉ងរបស់ខ្លួន គ្មានប្រសិទ្ធភាព និងវិសាលភាពមកលេីកម្ពុជា ជាដាច់ខាត។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «នេះការអនុម័តច្បាប់ ដែលចង់ដាក់បន្ទុកមកលេីរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នឹងមិនអាចចេញជាលទ្ធផលឡេីយ។ ពួកមេក្លោង និងពួកអាយ៉ងដែលធ្វេីបដិវត្តន៍ពណ៌ ហេីយត្រូវបរាជ័យនៅកម្ពុជាទេ ដែលជាអ្នកចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ ហេីយអាយ៉ងដែលជាអ្នកអនុវត្តផែនការនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា»។
ទោះជាយ៉ាងនេះក្តី ជំហររបស់លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និងលោក ថិត យូហូ (Ted Yoho) គឺផ្ទុយនឹងជំហររបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗ ដែលមិនចង់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត ដើម្បីរៀនសូត្រ ដកពិសោធន៍ ពិសេសបណ្ដាប្រទេសមួយចំនួន ដែលមានសង្រ្គាមបែកបាក់ផ្ទៃក្នុងរហូតមកដល់សព្វថ្ងៃនេះ។
លោកបានបន្តថា ពិភពលោកទាំងមូល ពោលគ្មាន ប្រទេសណាមួយនៅលើលោក អាចមកបញ្ជាឲ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យ ធ្វើអ្វីតាមការបញ្ជារបស់ពួកគេបានឡើយ ផ្ទុយទៅវិញកម្ពុជាជាអ្នកកំណត់ផ្លូវដើរដោយខ្លួនឯង សម្រាប់ជោគវាសនារបស់ប្រជាជាតិ និងប្រជាពលរដ្ឋទាំងមូល។ លោកបានបន្ថែមថា ប្រជាជនកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ពិសេសជាងនោះទៀតគឺគណបក្សប្រជាជនកម្ពុជា គឺមិត្តរបស់អាមេរិក៕