(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ជាថ្មី អំពីជំហររបស់អង់គ្លេស ក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេស ដែលមានការរីកចម្រើនតិច ដែលក្នុងនោះមានកម្ពុជាផងដែរ បើទោះបីជាខ្លួនត្រូវចាកចេញពីសហគមន៍អឺរ៉ុបក្តី។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក សាម៉ុន ម៉ាកដូណាល ( Simon Mc Donald) អនុរដ្ឋមន្រ្តីការបរទេសអចិន្ត្រៃយ៍អង់គ្លេស នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៨ ខែឧសភានេះលោក ជុំ សុន្ទរី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស មិនទាន់បានចាកចេញពីអឺរ៉ុបនៅឡើយទេ គឺស្ថិតក្នុងជាសមាជិករបស់សហគមន៍អឺរ៉ុបនៅឡើយ ប៉ុន្តែរដ្ឋាភិបាល អង់គ្លេសធ្លាប់បញ្ជាក់ជំហរប្រាប់កម្ពុជាថា ទោះបីខ្លួនចេញពីអឺរ៉ុប ក៏នៅតែផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាដដែល។

លោក លោក ជុំ សុន្ទរី បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា បន្ទាប់ពីអង់គ្លេសចាកចេញពី EU ជំហររបស់រដ្ឋាភិបាលអង់គ្លេស នៅតែបន្តប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេស ដែលមានការអភិវឌ្ឍន៍តិច ហើយក្នុងនោះក៏មានកម្ពុជាផងដែរ។ ដូច្នេះយើងគិតថា នៅក្នុងអនាគតទៅមុខទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អង់គ្លេស មិនមានបញ្ហាអ្វីគួរឲ្យបារម្ភទេ»

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងទំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សាម៉ុន ម៉ាកដូណាល ក៏បានបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជា និងអង់គ្លេស ត្រូវធ្វើបន្តស្វែងរកអ្វីដែលជាផលប្រយោជន៍រួម ហើយពង្រីកកិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំង២បន្តទៀត លើការជំរុញទំហំពាណិជ្ជកម្ម ការអប់រំ ការដោះមីន ជាដើម។

បើតាមលោក លោក ជុំ សុន្ទរី នៅឆ្នាំ២០១៧កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសបានកើនឡើងគួរឲ្យគត់សម្គាល់ កើតដល់ជាង១ពាន់លានដុល្លារអាមេរិក៕