(ភ្នំពេញ)៖ ប្រតិភូ និងមន្ដ្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល សហការជាមួយប្រតិភូរបស់ក្រសួងបរិស្ថាន នៅសប្ដាហ៍ក្រោយនេះ នឹងធ្វើដំណើរម្ដងទៀត ឆ្ពោះទៅកាន់តំបន់ចុងផ្លាស់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចំពោះសកម្មភាពអាជីវកម្ម និងសិប្បកម្មធ្វើរ៉ែមាស ព្រមទាំងបន្តយន្ដការដោះស្រាយជម្លោះរវាងប្រជាពលរដ្ឋក្នុងសហគមន៍ជាង៨០០គ្រួសារ ជាមួយក្រុមហ៊ុនចិនឈ្មោះ «រ៉ុង ឆេង» ដែលពលរដ្ឋផ្ទុះការតវ៉ាកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើយោងតាមការបញ្ជាក់របស់ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។

លោករដ្ឋមន្ដ្រី បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះថា តាមពិតទៅ ការចុះវាយតម្លៃត្រួតពិនិត្យ ទៅលើអាជីវកម្មរ៉ែមាស នៅតំបន់នោះ ប្រតិភូរបស់ក្រសួង និងក្រសួងបរិស្ថាន បានចុះទៅម្ដងរួចមកហើយ កាលពី២សប្ដាហ៍មុន ហើយសម្រាប់លោកផ្ទាល់កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានចុះទៅខ្លួនឯងផ្ទាល់ផងដែរចំពោះបញ្ហាទាំងអស់នេះ។

សម្រាប់ជម្លោះកើតឡើង រវាងប្រជាពលរដ្ឋសហគមន៍ និងក្រុមហ៊ុនចិន «រ៉ុង ឆេង» លោករដ្ឋមន្ដ្រី ស៊ុយ សែម ក៏នឹងបន្ដធ្វើការដោះស្រាយ តាមយន្ដការដែលមានស្រាប់ បើទោះបីបញ្ហានេះ ត្រូវបានអាជ្ញាធរ និងមន្ដ្រីជំនាញ បានជួបពិភាក្សាគ្នាដោះស្រាយជាច្រើនលើក ហើយបានបញ្ចប់ទៅក៏ដោយនោះ។

រដ្ឋមន្ដ្រី ស៊ុយ សែម ក៏បានលើកឡើងអំពីកត្ដាចំបងធំៗចំនួន៣ ដែលត្រូវបន្ដតាមដាន និងត្រួតពិនិត្យនោះរួមមាន៖ ទី១៖ ក្រុមហ៊ុនដែលសុំច្បាប់ធ្វើអាជីវកម្ម ពីក្រសួងនោះ ក្រសួងមានតួនាទីតាមដាន និងត្រួតពិនិត្យលើរបាយការណ៍ជាប្រចាំ តើបានធ្វើខុសពីបទដ្ឋានគតិយុត្តិ ឬមួយយ៉ាងណា?, ទី២៖ ចំពោះសិប្បកម្មវិញ គឺក្រសួងរ៉ែ និងថាមពល បានប្រតិភូកម្មអំណាចទៅឲ្យអាជ្ញាធរខេត្ត ដូច្នេះសិទ្ធិសម្រេច ឬវាយតម្លៃ​ និងតាមដានយ៉ាងណានោះ គឺអាជ្ញាធរថ្នាក់ក្រោមជាតិជាអ្នកទទួលខុសត្រូវ និងទី៣៖ អាជីវកម្មដែលគ្មានច្បាប់ទម្លាប់ ហើយធ្វើខុសបទដ្ឋានគតិយុត្តិ នឹងត្រូវចាត់វិធានការណ៍តាមនីតិវិធីផងដែរ។

យ៉ាងណាក៏ដោយ លោក ស៊ុយ សែម ក៏បានបញ្ជាក់ពីគោលបំណងរួមរបស់ក្រសួង គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើអាជីវកម្មដោយគោរពទៅតាមច្បាប់ និងបច្ចេកទេស ដែលមន្ដ្រីជំនាញកំណត់ឲ្យដូចជា ការមិនប្រើគ្រឿងផ្ទុះ និងការជីកអណ្ដូងរ៉ែ មិនឲ្យលើសពី២០ម៉ែត្រនោះទេ ហើយក្រុមហ៊ុនអាចដំណើរការអាជីវកម្មបាន ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថាន និងសង្គមនៅទីនោះ។

លោករដ្ឋមន្ដ្រី ក៏បានទទួលស្គាល់ផងដែរថា នៅតំបន់ចុងផ្លាស់ ក៏មានការធ្វើអាជីវកម្មរ៉ែ​ខុសច្បាប់ និងមិនបានគោរពតាមលក្ខខណ្ឌបច្ចេកទេសទៀតផង។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរាប់សិបនាក់ តំណាងឲ្យជាង៨០០គ្រួសារ ដែលប្រកបអាជីវកម្មរ៉ែមាស នៅតំបន់ចុងផ្លាស់ នៅតែទទូចសុំដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ដអនុញ្ញាតឲ្យពួកគាត់អាចប្រកបអាជីវកម្មបែបនេះ ជាលក្ខណៈគ្រួសារ និងដោះស្រាយបញ្ចប់ការដែលក្រុមហ៊ុនចិន «រ៉ុង ឆេង» បានរំលោភដីសហគមន៍របស់ពួកគាត់។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា បានជួបជុំគ្នានៅសាលាដើម្បីធ្វើធ្វើញត្តិដាក់ ជូនដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ​ ហ៊ុន សែន ជួយផ្តល់ការអនុគ្រោះដល់អ្នកភូមិ អាចប្រកបរបរជីករ៉ែលក្ខណៈគ្រួសារ នៅមូលដ្ឋានរបស់ពួកគាត់ បន្ទាប់ពីមានក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់។

ប្រជាពលរដ្ឋបានអះអាងថា «ក្រុមហ៊ុនរំលោភលើរណ្តៅរ៉ែរបស់សហគមន៍របស់យើងខ្ញុំ ដូច្នេះយើងសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាម៉ែជាឪរបស់យើង ជួយប្រាប់ទៅអាជ្ញាធរ និងក្រសួងរ៉ែ ឲ្យពន្លឿនការដោះស្រាយឲ្យពួកយ៉ាងផង»។

តំណាងប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ បាននិយាយថា ពួកគាត់ដែលបានរកស៊ីរបបមួយនេះ តាំងពីដើមរៀងមកនោះបានទទួលគោលការណ៍ពីក្រសួងរ៉ែ ធ្វើអាជីវកម្មលើទំហំដី៤៣ហិកតា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនចិន «រ៉ុង ឆេង» ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្ទៃដីជាង២ពាន់ហិកតា តែងតែបានរំលោភដែលដីរបស់សហគមន៍ ហើយក្នុងរយៈពេលចុងក្រោយនេះ សម្រាប់តែរំលោភនៅក្នុងអណ្ដូងរ៉ែចំនួន៤ ទើបពួកគាត់នាំគ្នាមកតវ៉ាតែម្ដង។

ចំពោះការស្នើសុំជីករករ៉ែ លើសពី២០ម៉ែត្រនោះ លោករដ្ឋមន្ដ្រី បានឆ្លើយតបថា ការកំណត់ឲ្យត្រឹមជីក២០ម៉ែត្រ គឺវាស្របទៅតាមបច្ចេកទេស ដែលមន្ដ្រីជំនាញបានសិក្សា ដែលត្រូវទៅនឹងការងារ សិប្បកម្មរបស់ពួកគាត់ ហើយបើក្រសួងអនុញ្ញាតិឲ្យលើសពី២០ម៉ែត្រនោះ​ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយដល់ពួកគាត់ ដូចដែលករណីនេះ ធ្លាប់ការកើតឡើងនាពេលកន្លងទៅ ពេលនោះក្រសួងនឹងត្រូវទទួលខុសត្រូវជាក់ជាមិនខានឡើយ៕