(ភ្នំពេញ​)៖ ​តាម​រយៈ​បណ្តាញ​សារព័ត៌មាន​ Fresh News,​ ប្តីប្រពន្ធ​ចំណាស់​ពីរ​នាក់​ គឺ​ លោក​ សុខ​ អឿន​ និង​ ប្រពន្ធ​ឈ្មោះ​ មួង​ វ៉ាន់នី​ សូម​ថ្លែង​អំណរគុណ​ដល់​លោក​ ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ដែល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ក្រសួង​ ជាមួយ​អគ្គា​ធិការដ្ឋាន​ និង​ មន្ទីរ​ដែនដី​រាជធានី​ភ្នំពេញ​ ត្រួតពិនិត្យ​លម្អិត​បន្ថែម​លើ​របាយការណ៍​របស់​ប្រធាន​មន្ទីរ​ដែនដី​រាជធានី​ភ្នំពេញ​ ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ខណ្ឌ​សែនសុខ​ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។

ប្តីប្រពន្ធ​ចំណាស់​ពីរ​នាក់​ដែល​អះអាង​ថា​កំពុង​ទទួល​រង​ភាព​អយុត្តិធម៌​ ប្រាប់​ Fresh News នៅ​ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ ថា​ គណៈកម្មការ​នេះ​ គឺ​ដឹកនាំ​ដោយ​លោក​លឹម​ វាន់​ រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ ជា​មន្ត្រី​ដ៏​ល្អ​ ហើយ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​។

ទោះបី​យ៉ាងណា​ ប្តីប្រពន្ធ​ចំណាស់​ពីរ​នាក់​ ទទូច​សុំ​ឱ្យ​គណៈកម្មការ​នេះ​ ពន្លឿន​ការ​ដោះស្រាយ​ផង​ ដោយសារ​អស់​រយៈពេល​ជា​ច្រើន​ខែ​មកហើយ​ ហាក់​ស្ងប់ស្ងាត់​អំពី​ការ​ដោះស្រាយ​។

គួរ​បញ្ជាក់​ថា​ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ធ្លាប់​បញ្ជាក់​ថា​ ពួកគាត់​បាន​រងគ្រោះ​ដោយសារ​របាយការណ៍​របស់​លោក​សារិន​ វណ្ណា​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ បំផ្លើស​ការ​ពិត​ដោយ​ជឿ​តាម​តែ​ពាក្យ​បណ្ដឹង​​របស់​ឈ្មោះ​សុខ​ សាន្ត​ និង​ ឈ្មោះ​ សម​ វង​ ដោយ​មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ ពិនិត្យ​ ឯកសារ​ ភស្តុតាង​ ថា​តើ​ឈ្មោះ​សុខ​ សាន្ត​ និង​ ឈ្មោះ​ សម​ វង​ បាន​ដី​មក​ពីណា​? ដោយ​របាយការណ៍​នេះ​ ហាក់​ធ្វើ​ប្រញាប់ប្រញាល់​ដោយ​ពុំ​បាន​សួរនាំ​ពួកគាត់​ដែល​ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ឡើយ​ ។

ដោយសារ​តែ​មាន​បណ្តឹង​តវ៉ា​ កាលពី​ថ្ងៃទី​០៩​ ខែ​សីហា​​ ឆ្នាំ​២០១៧​ ទៅ​លោក​ទេសរដ្ឋមន្រ្តី​ជា​ សុផារ៉ា​ និង​បណ្តឹង​គោរព​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាលពី​ថ្ងៃទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ទើប​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ បញ្ជូន​មក​ក្រសួង​រៀបចំ​ដែនដី​ តាម​រយៈ​ដីកា​បញ្ជូន​លេខ​១៧៨៦ខន\០១៧​ ឱ្យ​លោក​ទេសរដ្ឋមន្រ្តី​ជា​ សុផារ៉ា​ ជួយ​ពិនិត្យ​ករណី​នេះ​ ទើប​ឈាន​ដល់​ការ​បង្កើត​គណៈកម្មការ​ ពិនិត្យ​ឡើង​វិញ​ ជុំវិញ​ទំនាស់​ដីធ្លី​នេះ​ ។

ប្តីប្រពន្ធ​ទាំងពីរ​នេះ​ សង្ឃឹម​និង​ជឿជាក់​ថា​ គណៈកម្មការ​ក្រសួង​នឹង​ដោះស្រាយ​ដោយ​តម្លាភាព​ ឱ្យ​មាន​ភាព​យុត្តិធម៌​ចំពោះ​បញ្ហា​រំលោភ​បំពាន​ ឃុបឃិត​គ្នា​ យក​ដី​របស់​ពួកគាត់​ដែល​ជា​ម្ចាស់​ដី​ស្របច្បាប់​ផង​ ។

ខាងក្រោម​នេះ​ គឺ​ ជា​ឯកសារ​មួយចំនួន​ដែល​ភាគី​លោក​សុខ​ អឿន​ និង​ ភាគី​លោក​ សុខ​ សាន្ត​ បាន​ព្រមព្រៀង​គ្នា​ ព្រម​ទាំង​ថត​រូប​របង​ដី​ ដែល​ម្ចាស់​ដី​មាន​ព្រំជាប់ដី​ឈ្មោះ​ សុខ​ សាន្ត​ ហើយ​ឈ្មោះ​នេះ​ កំពុង​កាន់កាប់​ និង​ រំលោភ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ដែល​អាជ្ញាធរ​មើល​មិន​ឃើញ​ពី​ការ​រំលោភ​លើ​ផ្លូវ​សាធារណៈ​នេះ​ ៕