(ភ្នំពេញ)៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត្យចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព នៃទីក្រុងទាំង២។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញរវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ឈី ជីង សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស កុម្មុយនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយក នៃនាយកដ្ឋានរណសិរ្សរួបរួម នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។

នេះជាការបោះជំហានទៅមុខ១ទៀត របស់សាលារាជធានីភ្នំពេញ ក្នុងការចាប់ដៃចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ហើយទីក្រុងប៉េកាំងជាទីក្រុងទី៧ របស់ចិនដែលរាជធានីភ្នំពេញ បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រី ដើម្បីគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍ទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចំរើនស្រប តាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលដាក់ចេញដោយប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។

លោក ឃួង ស្រេង បានថ្លែងថា «ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់ ខ្ញុំកត់សំគាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង២កាន់តែមានភាពស៊ីជំរៅ ស្អិតរមួតលើគ្រប់វិស័យចាប់តាំង ពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន»

លោកបន្តថា សំរាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតទីក្រុងសម្ពន្ធ័មេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាពខូបលើកទី៦០ នៃទំនាក់ទំនងការទូត កម្ពុជា-ចិនដែលនេះគឺជាព្រឹត្តិការដ៏សំខាន់១ បង្ហាញពីកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិត រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុងសម្ពន្ធ័មេត្រីទី៧ របស់រាជធានីភ្នំពេញក្នុងចំណោមបណ្តាទីក្រុង ក្នុងប្រទេសចិនដែលបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីរួចហើយ។

កិច្ចព្រមព្រៀងដែលបានបោះចេញជា៣ភាសារគឺ៖ខ្មែរ.ចិន.និងអង់គ្លេសបានបញ្ជាក់ថា៖ភាគីទាំង២នឹងអនុវត្តនូវគោលការណ៏នៃភាពស្មើគ្នា និងផលប្រយោជន៍ជាទ្វេភាគីតាមរយៈកិច្ច សហប្រតិបត្តិការលើវិស័យ១ចំនួនដូចជា៖ សេដ្ឋកិច្ច,វប្បធម៌,អប់រំ,វិទ្យាសាស្ត្រ,បច្ចេកវិទ្យា បរិស្ថានជាដើម។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយះពេល៥ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាតទៅ។

លោកស្រី ឈី ជីង បានចាត់ទុកមិត្តភាព កម្ពុជា-ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេល៦០ឆ្នាំមកហើយ។

លោកស្រីថ្លែងថា «ទីក្រុងប៉េកាំងតែងយកចិត្តទុកដាក់ចំពោះរាជធានីភ្នំពេញ។ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ (ប៉េកាំង-ភ្នំពេញ) បានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីជាមួយគ្នា គឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុង»៕