(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកនេះ បានអះអាងថា ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ឱ្យទាល់តែបាន មិនបណ្តោយឱ្យក្រុមជនអគិតណាមួយ មកបំផ្លិចបំផ្លាញ សន្តិភាពនៅកម្ពុជា បាននោះទេ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ​ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាព ជាអ្នកដឹកនាំនយោបាយ វគ្គទី១១ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ យុវជន កម្មាភិបាលវ័យក្មេង យ៉ាងច្រើនកុះករផងដែរ។

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំនៅបក្ស ជាពិសេសសម្តេចតេជោ ហ៊ុន សែន ត្រូវតែការពារឱ្យបាន ទោះបីចំណាយអីក៏ដោយ ត្រូវតែការពារគាត់ឱ្យបាន កុំថាឡើយបដិវត្តិពណ៌ ប៉ុន្មានពណ៌ ក៏មិនបានដែរ អត់បាន»

ការប្រកាសរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីក្រុមអគតិមួយចំនួននៅតែបន្តញុះញង់បំបែកបំបាក់ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ក្រុមអ្នកប្រឆាំង បានបំផុសបំផុល កុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងព្រមានធ្វើចលនាផ្សេងៗ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងបំភ្លៃវាយប្រហារមកលើកងទ័ពជាដើម។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជា​មានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់​រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់ៗគ្នា ដូច្នេះកងទ័ពត្រូវតែរក្សាឱ្យបាននូវ ស្ថិរភាពមួយនេះ មិនឱ្យមានក្រុមណាមួយមក បង្កើតចលនាផ្តួលរំលំរដ្ឋាភិបាល បាននោះទេ៕