(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រដ្ឋបាលខេត្តគ្រោងរៀបចំបង្កើតឃុំតាលោ ស្ថិតក្នុងស្រុកបាកាន ឲ្យក្លាយជាទីរួមស្រុកតាលោ បន្ទាប់ពីក្រុងពោធិ៍សាត់ ដើម្បីបំពេញតម្រូវការរបស់បងប្អូនពុកម៉ែយើង។ ការប្រជុំពិភាក្សាគ្នាជាលក្ខណៈគ្រួសារ នឹងត្រូវធ្វើឡើងនៅចន្លោះពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមិថុនា ជាមួយវត្តមានក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ សមាជិកភូមិ លោក គ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទូទាំងឃុំតាលោ។ ក្រោយប្រជុំពិភាក្សាគ្នាហើយនោះ លោកអភិបាលខេត្ត នឹងចាត់ឲ្យជំនាញចុះសិក្សាប្លង់ពីលើអាកាស និងប្លង់ខាងក្រោម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាស់ដែលមាននៅទីនោះផងដែរ។

អភិបាលខេត្ត បានលើកឡើងបែបនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិកគ្រួសារគ្រូបង្រៀន ទូទាំងស្រុកបាកាន ចំនួន៩២៩នាក់ ដោយមានការចូលរួមពីសំណាក់តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋាន។

បន្ទាប់ពីលោក ចាន់ ស៊ាង ប្រធានការិយាល័យអប់រំស្រុករាយការណ៍រួចមក លោក ម៉ៅ ធនិន បានលើកឡើងពីគុណបំណាច់របស់គ្រូបង្រៀន ខិតខំបង្រៀនសិស្សឲ្យមានចំណេះដឹង ទោះបីកន្លងមកជីវភាពជួបការលំបាកយ៉ាងណាក៏ដោយ។ លោកបន្ថែមថា គ្រូបង្រៀនគឺជាឳពុកម្តាយទីពីរ ជាអ្នកផ្តល់ចំណេះដឹង ផ្តល់ការអប់រំ មុននឹងឈានទៅរកការងារធ្វើរៀងៗខ្លួន។ ការគ្រប់គ្រង ការអភិវឌ្ឍអ្វីមួយឲ្យរីកចំរើន ទទួលជោគជ័យទៅបាន អាស្រ័យមានធនធានមនុស្សជាចំបង ដោយមើលឃើញពីគុណបំណាច់ដ៏ធំធេងនេះហើយ ទើបលោកតែងតែធ្វើពិធីជួបជុំជាមួយលោកគ្រូ អ្នកគ្រូជាញញឹកញ៉ាប់ ដើម្បីសម្តែងការដឹងគុណ នឹករលឹកគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារតែមួយ។ មិនតែប៉ុណ្ណោះលោកបានសន្យានាំ លោកគ្រូ អ្នកគ្រូទាំងអស់ ទៅទស្សនៈកិច្ចសិក្សា នៅទំនប់ទី៣ ទី៥ នៅស្រុកភ្នំក្រវាញ និងផ្លូវជាតិលេខ៥៥ ស្រុកវាលវែង នៅចុងឆ្នាំនេះ។

លោក ម៉ៅ ធនិន ក៏បានលើកឡើងពីសក្តានុពល និងសមិទ្ធផលធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ក្នុងទឹកដីខេត្តពោធិ៍សាត់ ដូចជាទំនប់ដំណាក់អំពិល ទំនប់ចារឹក ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ផ្លូវជាតិលេខ៥៥ ដែលស្ថាបនាបាន៩៨%ហើយ ផ្លូវកៅស៊ូជនបទ១០ខ្សែ ផ្លូវរថភ្លើងដែលនឹងត្រូវដាក់ដំណើរការនៅចុងខែនេះ ផ្លូវវាងក្រុងជិត១០គីឡូម៉ែត្រ ជាមួយនឹងស្ពានអាកាសហោះកាត់ស្ទឹង។ មិនតែប៉ុណ្ណោះនៅមានសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលនឹងត្រូវធ្វើបន្តបន្ទាប់ ដូចជា៖ តំបន់ឧស្សាហកម្មវាលសម្តេចយស់ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន អភិវឌ្ឍន៍ឃុំតាលោ ឲ្យក្លាយទៅជាទីរួមស្រុកតាលោ...។

លោកលើកឡើងទៀតថា «សព្វថ្ងៃនេះយើងកំពុងតែសាងសង់ទំនប់បង្ហៀរក្បាលហុង ដើម្បីបញ្ចាល់ទឹកសម្រាប់ប្រើប្រាស់វិស័យកសិកម្ម និងបម្រើដល់វិស័យទេសចរណ៍ ដល់ប្រជាពលរដ្ឋយើង ហើយក្នុងពេលខាងមុខ ខេត្តពោធិ៍សាត់ក៏មានរៀបចំពិធីប្រណាំងទូក ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងវិស័យឯកជន»

អភិបាលខេត្ត ក៏សូមឲ្យលោកគ្រូ អ្នកគ្រូ ស្រឡាញ់រាប់អានគ្នា ដូចគ្រួសារតែមួយ កុំលាបព័ណ៌គ្នា ដើម្បីថែរក្សាសន្តិភាព និងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យមានការជឿនលឿនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តល់ថវិកា៥ពាន់ដុល្លារ សម្រាប់សាងសង់ឃ្លាំងដាក់សៀវភៅ ការិយាល័យអប់រំស្រុក, ជូនលោកគ្រូអ្នកគ្រូ ៩២៩នាក់ ក្នុងម្នាក់ៗទទួលបាន សាងរុង១ ត្រីខ១កំប៉ុង និងអង្ករ១០គីឡូក្រាម ព្រមទាំងបានរៀបចំបាយសាមគ្គីជួបជុំគ្នាផងដែរ។ ដោយឡែកអ្នកគ្រូមានផ្ទៃពោះ ត្រៀមឆ្លងទន្លេ០៣នាក់ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភបន្ថែម សារុង៣ និងថវិកា១០០ដុល្លារ, មានផ្ទៃពោះមិនទាន់គ្រប់ខែ២០នាក់ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភបន្ថែម សារុង២៕