(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានរៀបចំពិធីជប់លៀងជួបជុំ តារាសម្ដែង,ផលិតករ និងក្រុមការងារថតក្នុងរឿង «ទាយាទអសុរ» និងរឿង «ភូមិគ្រឹះ១០០ល្បិច» ដែលបានថតបញ្ចប់ជាស្ថាពរ និងត្រៀមដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន នៅពេលឆាប់ៗខាងមុខនេះ​។ កម្មវិធីជួបជុំតារាសម្ដែង ក្នុងរឿងទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើង នៅឯភោជនីយដ្ឋានទន្លេបា​សាក់ពីរ ​កាលពីថ្ងៃទី១៩ ខែឧសភា ​ឆ្នាំ២០១៨នេះ។

ប្រធានកម្មវិធីប្រចាំ​នៅប៉ុស្ដិ៍លេខ៥ លោក ហួង តារាមុនី បានអះអាងថា ភាពយន្តរឿង «ភូមិគ្រឹះ១០០ល្បិច» ដែលមានតារាសម្ដែង ឆឹម វត្តី បានថត គឺជារឿងដឹកនាំផលិតដោយ​ក្រុមផលិតករ​ថៃ និងជាភាពយន្ត ដែលបានចំណាយច្រើន ដោយសារតែនោះជាភាពយន្តបែបបុរាណ ហើយត្រូវបាន​សម្រិតសម្រាំងទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ និងទីតាំង ឲ្យបាន​​ត្រូវនឹងទម្រង់បុរាណ។

លោកបន្តទៀតថា ភាពយន្តមួយនេះ មានចំនួនជាង៣០ភាគ និងគ្រោងដាក់បញ្ចាំង​នៅប៉ុស្ដិ៍លេខ៥ ក្នុងពេលដ៏ខ្លី អ៊ីចឹងហើយ មុនពេលការដាក់បញ្ចាំង នឹងត្រូវកំណត់ឡើង ក៏សម្រេចចំណាយទុន​ជប់លៀង ដើម្បីអបអរដល់ក្រុមផលិតករ និងតួសម្ដែង ដើម្បីឲ្យកាន់តែមានភាពស្និទ្ធស្នាល រវាងគ្នានឹងគ្នា។ យ៉ាងណាមិញសម្រាប់ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ តែងតែរៀ​បចំកម្មវិធីបែបនេះ ជាបន្តបន្ទាប់មកហើយ ក្រោយពេលដែលថតបញ្ចប់រឿងនីមួយៗ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់តារាសម្ដែង ក្រុមការងារថត និងបង្កើនភាពស្និទ្ធស្នាល សប្បាយរីករាយ ដែលការងារទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នៅក្នុងពិធីជួបជុំនោះ ​ត្រូវបានគេសង្កេតឃើញថា មានវត្តមានតារាល្បីៗ​ជាច្រើន បានបង្ហាញខ្លួន ​ជាមួយនឹងសម្រស់ស្រស់ស្អាតគ្រប់ៗគ្នា ក្នុងនោះក៏មានផលិតករ និងក្រុមការងារថតភាពយន្ត ចូលរួមជាច្រើននាក់ ផងដែរ៕