(ត្បូងឃ្មុំ)៖ ដើម្បីធានាឲ្យបាននូវគុណភាពម្ហូបអាហារ សម្រាប់សុខភាពអ្នកបរិភោគ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ លោក ល៉ិក វុត្ថា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពីការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ល៉ិក វុត្ថា បានថ្លែងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ ពិសេសលោក មាស មោរ៉ា ប្រធានសាខាកាំកុង ត្រូលខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។ ដោយឡែក នៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងចំបង ចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះ បង្កើនការយល់ដឹងដល់អាជីវករ និងប្រជាពលរដ្ឋ នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកលក់ រក្សាទុក និងទទួលទានផងដែរ។

លោក ល៉ិក វុត្ថា បានបន្តថា បន្ទាប់ពីបានពិនិត្យទំនិញជាផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារមេមត់រួចមក ជាលទ្ធផល បានត្រួតពិនិត្យឃើញ និងធ្វើការដកហូតទំនិញមួយចំនួន ដែលខូចគុណភាពដូចជា សំបកប៉ោង កំប៉ិត ច្រេះ និងហួសកាលបរិច្ឆេទ យកទៅកំទេចផងដែរ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕