(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់ «ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៨» រដូវកាលទី១ ដែលជាព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដ៏ធំប្រចាំឆ្នាំ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងសាមគ្គីភាព ក្នុងជួរយុវជនជាពលករ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

កម្មវិធីប្រកួតបានប្រារព្ធពិធីបើកក្រោមអធិបតីភាព លោក សេង សុជាតិ ទីប្រឹក្សាអមស្ថានទូត មន្រ្តីរាជការស្ថានទូត តំណាងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត រួមជាមួយអាជ្ញាធរ ពាក់ព័ន្ធកូរ៉េ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ក្នុងនោះ បានបែងចែកជាបីវគ្គ គឺវគ្គជម្រុះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ដោយជ្រើសរើសកីឡាករ ត្រឹម១៥ក្រុម ធ្វើការប្រកួតមកពីសមាគម សហគមន៍ មូលនិធីខ្មែរនានា នៃតំបន់ស៊ូវ៉ុនន អានសាន អ៊ុយចងប៊ូ ក្វាងជូធំ គីមផូ ក្វាងជូតូច ស៊ីហឿង កូយាំងស៊ី ឆន់ណាន ប៊ូឆន់ និងផាជូ -ល-។

សម្រាប់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្ត ដល់ក្រុមជ័យលាភី រួមមាន៖

* សម្រាប់ជ័យលាភីលេខ១ នឹងទទួលបានពានរង្វាន់ដ៏ល្អប្រណិតមួយ ជាមួយនឹងទឹកប្រាក់១លានវ៉ុន
* សម្រាប់ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់៥០ម៉ីនវ៉ុន
* សម្រាប់ជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់៣០ម៉ីនវ៉ុន
* សម្រាប់ជ័យលាភីលេខ៤ នឹងទទួលបានទឹកប្រាក់២០ម៉ីនវ៉ុន
* សម្រាប់ក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ៥ ដល់លេខ៨ នឹងមានរៀបចំជារង្វាន់លើកទឹកចិត្ត និងលិខិតថ្លែងអំណរគុណ៕