(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសផ្លាស់ប្ដូរស្លាកសញ្ញាថ្មី (LOGO) ពីពណ៌បៃតងក្រម៉ៅ ទៅក្រហម ដែលការផ្លាស់ប្ដូរនេះ ធ្វើឡើងដើម្បីទាក់ទាញ និងសមស្របទៅតាមការស្រឡាញ់របស់អតិថិជន។

លោក ញ៉ុង ឌីនថន អគ្គនាយករង ក្រុមហ៊ុនទូរស័ព្ទចល័ត Meftone បានឲ្យដឹងថា ការសម្រេចផ្លាសប្ដូរស្លាកសញ្ញានេះ ព្រោះពណ៌ក្រហមនេះ នឹងមាន​ភាពទាក់ទាញខ្ពស់ និងតំណាងឲ្យ​ភាព​ស្វាហាប់ រឹងមាំ ដូច្នេះហើយក្រុមហ៊ុនរំពឹងខ្ពស់​ថា ស្លាកសញ្ញាថ្មីនេះ នឹងទទួលបានការគាំទ្រ ច្រើនពីសំណាក់អតិថិជនកាន់តែខ្លាំងៗ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ បន្ទាប់ពីប្ដូរស្លាកសញ្ញា ក្រុមហ៊ុនក៏នឹងផ្ដល់ជូននូវសេវាកម្មថ្មីៗជាច្រើនជូនអតិថិជនផងដែរ។

លោកបានបន្ដទៀតថា សម្រាប់ការផ្លាស់ប្ដូរស្លាកសញ្ញានេះ គឺផ្លាស់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដោយឡែកនៅតាមបណ្ដាប្រទេសផ្សេងៗទៀត​មិនមាន​ ការផ្លាស់ប្ដូរស្លាកសញ្ញានោះឡើយ។

ជាមួយគ្នានេះ ក្រុមហ៊ុន metfone ក៏បានប្រកាស​ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ4.5G ជាផ្លូវការ ដែលប្រព័ន្ធនេះត្រូវបានគេស្គាល់ផងថាជា LTE Advance Pro ចុងក្រោយបំផុតលើផ្លូវរួមជាមួយនឹងការវិវត្តន៍ទៅនឹងបច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ប្រព័ន្ធ4.5G នេះ នឹងធ្វើឲ្យអតិថិជន​រីករាយជាមួយល្បឿនអ៊ីធើណេតលឿនជាងមុន១០ដង បើប្រៀបនឹងបណ្ដាញ4G៕