(បន្ទាយមានជ័យ)៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ និងលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានចូលរួមប្រកាសតែងតាំងលោក សៅ សារឿន ពីអធិការរងនគរបាលក្រុងប៉ោយប៉ែត មកជាអធិការនគរបាលស្រុកថ្មពួក ជំនួសលោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក ទៅបំរើការងារជាមន្ត្រីការិយាល័យបុគ្គលិក នៃស្នងការនគរបាលខេត្តវិញ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រគល់ត្រា និងប្រកាសជូនលោកវរសេនីយ៍ត្រី សៅ សារឿន អធិការស្រុកថ្មពួក ដែលទើបតែងតាំងថ្មី និងបំពាក់ឋានន្តរស័ក្ដិនគរបាលស្រុកចំនួន១២រូបផងដែរ។

លោកវរសេនីយ៍ត្រី សៅ សារឿន បានប្តេជ្ញាចិត្ត និងអនុវត្តឲ្យបានជោជ័យ រាល់ភារកិច្ច រាជរដ្ឋាភិបាលប្រគល់ជូនក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត បានដាក់ចេញ ដើម្បីសម្រេចបាននូវកិច្ចការ ទាំងអស់នេះ នឹងរួមសហការគ្នាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីបម្រើ និងផ្តល់សេវាសាធារណៈ ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានល្អ ដោយផ្អែកតាមគោលការណ៍ ច្បាប់បានទាន់ពេលវេលា និងខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងថា ការដោះដូរជារឿងធម្មតារបស់មន្ត្រីរាជការ តែអ្វីដែលសំខាន់ការបន្តដឹកនាំកងកម្លាំង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការសាមគ្គីផ្ទៃក្នុង ក្រោយពីលោកអធិការថ្មីចូលកាន់តំណែង។

លោកស្នងការនគរបាល ក៏ជម្រុញឲ្យដល់អធិការថ្មី និងកម្លាំងនគរបាលស្រុកទាំងអស់ ដែលទើបចូលកាន់តំណែងថ្មី ត្រូវបំពេញភាពចន្លោះ ប្រហោងមួយចំនួន ទាំងការរក្សាឲ្យបាននូវសន្តិសុខ និងការអនុវត្តច្បាប់។ មិនត្រូវឲ្យជនណាម្នាក់ ទទួលការថ្នាំងថ្នាក់ និងភាពអយុត្តិធម៌នោះឡើយ ពិសេសការប្រើប្រាស់ពាក្យសម្តីមិនត្រូវគំរូស គំរើយដាក់ កងកម្លាំងថ្នាក់ក្រោម និងពលរដ្ឋនោះឡើយ។

លោកបានបន្តថា សូមឲ្យលោកអធិការថ្មី ដែលទើបតែងតាំថ្មី ត្រូវបន្តទប់ស្កាត់ បង្រ្កាបនូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការនេសាទត្រីខុសច្បាប់ និងល្បែងស៊ីសងគ្រប់ប្រភេទធានាឲ្យបាននូវសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសសហការណ៍ឲ្យល្អ ជាមួយអង្គភាពពាក់ព័ន្ធ រវាងស្រុកជាប់ព្រំប្រទល់ ដើម្បីទប់ស្កាត់រាល់បទល្មើសនានា បានទាន់ពេលវេលាផងដែរ។ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តនូវតួនាទីភារៈកិច្ច ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ខិតខំបន្តចុះធ្វើវេទិការសាធារណៈនៅតាមភូមិ-ឃុំ សង្កាត់ ដើម្បីក្តាប់នូវរាល់សូមណូមពរនានា របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកស្នងការបានសង្គត់ធ្ងន់ថា ប្រជាពលរដ្ឋមិនមានការឈឺក្បាល វិលមុខ ជាមួយបក្សនយោបាយឡើយ បក្សប្រឆាំងតែម្តង គឺពួកគាត់គិតពីជីវភាពរបស់ពួកគាត់ ដោយបក្សខ្លះមានការញុះញង់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត បង្កភាពអុកឡុក នេះជាកន្លែងបក្សសមរង្សីកំពុងរៀបចំ ដូច្នេះហើយ សូមកម្លាំងនគរបាលយើងទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះប្រទេសកម្ពុជាយើងមានសុខសុវត្ថិភាព ស្ថារភាព រីកចំរើនដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ទោះបីជាយ៉ាងណា ក៏សូមកុំចាញ់ល្បិចកល់របស់បក្សញុះញង់របស់ពួកគេឡើយ គឺត្រូវស្តាប់ ក្តាប់ឲ្យបានច្បាស់លាស់ ព្រោះបក្សនេះពូកែរកវិធីសាស្ត្រ ល្បិចជាច្រើន ដើម្បីធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ ស្ថារភាពឲ្យបានមុនថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោតធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបានល្អសម្រាប់ការបោះឆ្នោតខាងមុខនេះ៕