(ពោធិ៍សាត់)៖ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) លោក កែវ រតនៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ទៅ ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សានុសិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

អគ្គនាយកអគ្គិសនីកម្ពុជា បានចាត់ទុកថា សកម្មភាពនេះជាផ្នែកមួយនៃការជួយពង្រីកចំណេះដឹងទូទៅដល់យុវជន និងយុវនារីខ្មែរជំនាន់ក្រោយ ហើយស្រុកក្រគរពិតជាមានមោទនភាពចំពោះយុវជន យុវនារីខ្មែរនៅសម័យប្រទេសជាតិស្ថិតនៅក្នុងការអភិវឌ្ឍ តាមបែបទំនើបនេះ សមដូចព្រះពុទ្ធមានពុទ្ធដីកាថា «មានទ្រព្យសម្បត្តិអ្វីប្រសើរជាងចំណេះដឹង គ្មានភាពក្រីក្រអ្វីធ្ងន់ធ្ងរជាងភាពល្ងង់ខ្លៅនោះទេ»៕