(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានថ្លែងថា ការហៅគណបក្សផ្សេងៗ នៅកម្ពុជា ដែលចូលរួមក្នុងការបោះឆ្នោត របស់ទណ្ឌិត សម រង្ស៊ីនោះ គឺជាការមើលស្រាលដល់ គណបក្សនយោបាយខ្មែរ ដែលពួកគេមានសិទ្ធិក្នុងការចូលរួមដូចទៅនឹងគណបក្សធំៗដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សរុបចំនួន ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គណបក្សចំនួន២០ ចូលរួមក្នុងការបោះឆ្នោត មិនមែនជាការលេងសើចទេ ហើយមានអ្នកខ្លះបែរជាចាត់ទុកគណបក្សនេះថា ជាគណបក្ស ហ៊ុន សែន អ្នកបង្កើតហាក់ដូចជាមើលស្រាល ដល់បណ្តាគណបក្សនយោបាយដទៃទៀត រហូតដល់ឈានទៅហៅគេថា ជាគណបក្សអាប មានតែក្បាល គណបក្សអំពិលអំពែក»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «បក្សនយោបាយ មិនថាតូច មិនថាធំ គឺមានសិទ្ធិដូចៗគ្នា នៅក្នុងដំណើរការប្រជាធិបតេយ្យ»។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ បានប្រមាថគណបក្សនយោបាយទាំងអស់ ដែលបានត្រៀមខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ ថាជាគណបក្សតិរច្ឆាន និងជាគណបក្សអំពិលអំពែក។
ក្រោយពីមាន ការប្រមាថបែបនេះ មានគណបក្សនយោបាយជាច្រើន បានចេញមុខប្រតិកម្ម ហើយហៅលោក សម រង្ស៊ីថាព្យាយាមបំផ្លាញដល់បរិយាកាសបោះឆ្នោត នៅកម្ពុជា៕