(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ថៃ អំពីការត្រៀមរៀបចំសម្រាប់ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃ នាពេលខាងមុខនេះ។

គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនោះ គឺចូលរួមកិច្ចប្រជុំកំពូលលើកទី៨ របស់ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ហើយសម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលលើកទី៩ របស់ CLMV (Cambodia-Lao PDR-Myanmar and Vietnam) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសថៃ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។

ក្រសួងការបរទេស បានប្រកាសថា កិច្ចពិភាក្សារបស់ លោក ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ របស់លោក Panyarak Poolthup ដែលក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍ចំពោះការតែងតាំងលោកជាឯកអគ្គរាជទូតថៃប្រចាំនៅ
កម្ពុជា ហើយក៏បានអះអាងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកឯកអគ្គរាជទូត ក្នុងការលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងការបរទេស៖