(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយកក្រុមហ៊ុន មីនេបៀ មីហ្ស៊ូមី ដើម្បីពិភាក្សាអំពីការពង្រីកបន្ថែម នូវចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ក៏ដូចជាស្វែងយល់បន្ថែមអំពីរបបលើក ទឹកចិត្តសារពើពន្ធរបស់ប្រទេសកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មីនេបៀ ដែលបានខិតខំប្រឹងប្រែង ក្នុងការវិនិយោគនៅកម្ពុជា ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់ តាមរយៈការពង្រីកការវិនិយោគ និងផលិតកម្មរោងចក្រ។ កត្តានេះបានចូលរួមចំណែកអភិវឌ្ឍវិស័យ ឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជា ក៏ដូចជា ក្រុមហ៊ុនទទួលបានផលប្រយោជន៍ទៅវិញទៅមក ស្របតាមគោលនយោបាយឈ្នះ-ឈ្នះ។

លោកក៏បានជម្រាបប្រតិភូ ក្រុមហ៊ុន មីនេបៀថា សមិទ្ធិផលដែលកម្ពុជា ទទួលបានក្នុងពេលបច្ចុប្បន្ន គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ, កំណើនសេដ្ឋកិច្ចល្អ និងបរិយាកាសវិនិយោគអំណោយផល ហើយធ្វើឲ្យកម្ពុជា ទទួលបាននូវការវិនិយោគកាន់តែច្រើនឡើង។

លោក ខាត់ហ៊្សូហ៊ិកុ យ៉ូស៊ីដា មន្ត្រីគ្រប់គ្រងក្រុមហ៊ុន មីនេបៀ មីហ្ស៊ូមី បានជម្រាបលោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តីថា ក្នុងរយៈពេល៧ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ ក្នុងសង្វាក់ផលិកម្មដំឡើងគ្រឿង បង្គុំអគ្គិសនី និងម៉ូទ័រ, ក្រុមហ៊ុន បានបង្កើនទុនវិនិយោគ ពី២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ រហូតដល់ប្រមាណ៨៥លានដុល្លារអាមេរិក បើគិតត្រឹមឆ្នាំ២០១៨នេះ និងបានជួយបង្កើតការងារប្រមាណ៥,២១១ ការងារជូនប្រជាជនកម្ពុជា។

លោក ខាត់ហ៊្សូហ៊ិកុ យ៉ូស៊ីដា បានគូសបញ្ជាក់បន្ថែមថា ដើម្បីជំរុញការអភិវឌ្ឍ វិស័យឧស្សាហកម្មកម្មន្តសាលនាពេលអនាគត ចាំបាច់ត្រូវប្រែក្លាយផលិតកម្មគ្រឿងបង្គុំ ឲ្យទៅជាផលិតកម្មមានតម្លៃ បន្ថែមខ្ពស់ ដោយតម្រូវឲ្យមានការគិតគូរលើរបបលើកទឹកចិត្តពន្ធ ដើម្បីទាក់ទាញការវិនិយោគមានទំហំធំ និងរយៈពេលវែង ។

ជាមួយគ្នានេះដែរ លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បន្ថែមលើគោលនយោបាយនៃការអនុគ្រោះ និងគំាពារការវិនិយោគ, កម្ពុជាចាត់ទុកការលើកកម្ពស់ភាពប្រកួតប្រជែង ជាគោលបំណងយុទ្ធសាស្រ្ត និង ជាអាទិភាពចាំបាច់ ដែលតាមរយៈនេះ កម្ពុជាបាននិងកំពុងធ្វើការសិក្សា អំពីភាពប្រកួតប្រជែងដូចជា របបពន្ធ, ការសម្របសម្រួល ពាណិជ្ជកម្ម, ការដឹកជញ្ជូន និងប្រាក់ឈ្នួលជាដើម ដើម្បីទាក់ទាញការវិនិយោគ និងលើក កម្ពស់បរិយាកាសធុរកិច្ច អំណោយផល។

ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងរៀបចំក្រុមការងារដើម្បីសិក្សា និងចូលរួមក្នុងការ រៀបចំច្បាប់វិនិយោគថ្មី និងការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងលិខិតបទដ្ឋានផ្សេងៗ សំដៅផ្តល់ការលើកទឹកចិត្ត ចំពោះគម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានស្រាប់ឲ្យបានលឿន ក្នុងពេលដ៏ខ្លីខាងមុខ។

លោកអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីធានាចីរភាពនៃ កំណើនកម្ពុជានឹងបន្តខិតខំប្រឹងប្រែងទ្វេឡើងថែមទៀត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងបន្តខិតខំលើកកម្ពស់ និង ជំរុញការវិនិយោគ ព្រមទាំងស្វាគមន៍ជានិច្ច នូវកិច្ចសន្ទនាជាមួយវិនិយោគិន និងតួអង្គទាំងអស់ក្នុងវិស័យឯកជន៕