(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា កងទ័ពទាំងអស់ គឺជាកូនចៅរបស់ប្រជាជន ដូច្នេះត្រូវធ្វើអ្វីៗទាំងឡាយ ឱ្យស្របទៅនឹងប្រយោជន៍ប្រជាជន និងត្រូវស្មោះស្ម័គ្រជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងពីការបោះឆ្នោត ប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌ដែលបម្រុងនឹងកើតឡើងនៅកម្ពុជា។

នាយឧត្តមសេនីយ៍បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពិធីបិទវគ្គបំប៉ន ការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ពលទាហាន នាយទាហាន និងសិក្ខាកាមទើបបញ្ចប់វគ្គយ៉ាងច្រើនកុះករ នៅសាកលវិទ្យាល័យការពារជាតិ។

នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបញ្ជាក់ថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់គ្រប់វិស័យ ហើយបានបន្តជំរុញ អនុវត្តដោយឆ្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព លើកកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័នរដ្ឋ ពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងអភិវឌ្ឍប្រទេសជាតិដោយទទួលបានការសាទរ ពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានឱ្យកម្ពុជា បន្តសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន»។

នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបន្តថា កងយោធពលខេមរភូមិន្ទ បានចូលរួមចំណែករួមវិភាគទានយ៉ាងធំធេង នៅក្នុងការស្តារឡើងក៏ដូចជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចផងដែរ ហើយសន្តិភាពជាកត្តាជាសាវ័ន្ត ដើម្បីធានាដល់កំណើរការ នៃការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមន្ស ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នូវ សុខសាន្តប្រកបដោយកិត្តិយស​របស់ប្រជាជន បើយើងបាត់បង់សន្តិភាពនោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។

ជាមួយសិក្ខាកាមដែរទើបបញ្ចប់ការសិក្សា​ បានប្តេជ្ញាចិត្តស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពណាមួយ ដែល​ជាចេតនាបង្ក ឱ្យមានបដិវត្តន៍ពណ៌កើតនៅក្នុងប្រទេសកម្ពុជាផងដែរ៕