(ភ្នំពេញ)៖ ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចាត់ទុកជា ដួង ព្រលឹងរបស់ខ្មែរទាំងមូល ដែលគ្មានអ្នកណាអាចបំពានបានឡើយ។ ខណៈ ដែលរាជរដ្ឋាភិបាល ខិតខំលើកស្ទួយកិត្យានុភាពជាតិ ជ្រោងទង់ព្រះពុទ្ធសាសនា និងការពារតម្លៃព្រះមហាក្សត្រ ដើម្បីឲ្យសាកសមជាបាវនារបស់ជាតិ មានត្រកូលអ្នកនយោបាយ មួយទៀតបែរជាធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាន់ពន្លិចកិត្យានុភាពជាតិខ្លួនឯង បំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្ទាបបន្ថោកតម្លៃព្រះមហាក្សត្រគ្រប់ពេលវេលា។ នោះគឺអ្នកនយោបាយឈ្មោះ សម រង្ស៊ី នេះឯង។

បន្ទាប់ពីសំណុំរឿងក្បត់ជាតិជាច្រើន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ជាពិសេសសំណុំរឿង ពាក់ព័ន្ធនឹងការលួច ចុះហត្ថលេខាដោយស្ងាត់ៗ ជាមួយតំណាងជនជាតិដើមភាគតិចវៀតណាម ដោយសន្យាប្រគល់ទឹកដីខេត្តចំនួន៤នៅភូមិភាគឥសាន ទៅឲ្យជនជាតិវៀតណាមរស់នៅ កំពុងកកក្រើកនៅឡើយនោះ ឥឡូវនេះ សម រង្ស៊ី បានចេញមុខជាចំហរប្រឆាំងនឹងព្រះមហាក្សត្រតែម្តង។ សម រង្ស៊ី បានហៅព្រះរាជសារ ដែលព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថាជាព្រះរាជសារក្លែងក្លាយ។ នេះជាទោសពានវាំង ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរមួយ។ បន្ទាប់មក សម រង្ស៊ី និងបក្សពួក បានព្យាយាមបន្សាបព្រះរាជសារ របស់ព្រះមហាក្សត្រដោយបកស្រាយថា គ្មានអានុភាពផ្លូវច្បាប់ទេ។

នេះក៏ជាទោសពានវាំង ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរមួយទៀតពីព្រោះជាការ និយាយបន្ទាបតម្លៃនៃព្រះរាជសារ និងព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រធ្វើឲ្យមហាជនយល់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រឥតបានការ និងគ្មានន័យអ្វីឡើយ។ កម្ពុជាមានច្បាប់ស្តីពីការប្រមាថ ព្រះមហាក្សត្រ ដូច្នេះ អាជ្ញាធរគួរតែចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះបុគ្គល សម រង្ស៊ី និងបុគ្គលទាំងឡាយណាដែលហ៊ានប្រមាថព្រះមហាក្សត្រដោយចំហបែបនេះ។

គួររម្លឹកថា បុគ្គល សម រង្ស៊ី គឺជាមនុស្សក្បត់ព្រះមហាក្សត្រ បន្តតំណែងពីឪពុករបស់ខ្លួន ឈ្មោះ សម សារី។ ដោយសារតែគំនុំចំពោះអតីតព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ ដែលធ្លាប់ចាត់ការទង្វើក្បត់ជាតិនៃឪពុករបស់ខ្លួន សម រង្ស៊ី ក៏បន្តចងពៀរជាមួយព្រះមហាក្សត្រ និងរបបរាជានិយមរហូតដល់បច្ចុប្បន្ន។ សម រង្ស៊ី ខ្លួនឯង និងពេលខ្លះប្រើប្រាស់បក្សពួកឲ្យប្រមាថព្រះមហាក្សត្រជាញឹកញយ។

កាលពីថ្មីៗនេះ សម រង្ស៊ី បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រក្នុងន័យរារាំងព្រះអង្គមិនឲ្យចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ លិខិតនិងចេតនារបស់សម រង្ស៊ី ក៏ជាទង្វើមាក់ងាយ និងប្រមាថព្រះចេស្តាយ៉ាងចំហបំផុត។ ភស្តុតាងមួយទៀត នៃអំពើក្បត់ព្រះមហាក្សត្ររបស់ សម រង្ស៊ី គឺនៅពេលដែលរាជរដ្ឋាភិបាលចាត់វិធានការដើម្បីការពារព្រះមហាក្សត្រ តាមរយៈការធ្វើច្បាប់ដាក់ទោសដល់ជនណា ដែលហ៊ានប្រមាថ ព្រះមហាក្សត្រនោះ សម រង្ស៊ី និងគូកនបាននាំគ្នាប្រឆាំងយ៉ាងខ្លាំងក្លាដោយចាត់ទុកថា ច្បាប់នោះធ្វើឡើងដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពួកគេ ពោលគឺសិទ្ធិសេរីភាពក្នុងការជេរប្រមាថព្រះមហាក្សត្រនេះតែម្តង។

ពាក់ព័ន្ធនឹងអំពើក្បត់សាសនាវិញ សម រង្ស៊ី តែងញុះញង់បំបែកបំបាក់ព្រះសង្ឃពុទ្ធសាសនា ដោយឃោសនាឲ្យព្រះសង្ឃបម្រើនយោបាយរបស់ខ្លួនទាំងបំពានធម៌វិន័យ។ សម រង្ស៊ី និងអតីតគណបក្សប្រឆាំងរបស់ខ្លួន តែងប្រើប្រាស់ព្រះសង្ឃក្លែងក្លាយ ព្រះសង្ឃទ្រូសសិលមួយចំនួនជាឈ្នាន់ ដើម្បីបង្កការអុកឡុកក្នុងសង្គម ដូចជាឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្ម និងកុប្បកម្មផ្សេងៗ។ នៅពេលដែលអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ និងមានការ ប៉ះទង្គិចគ្នា ពួកគេក៏បង្វែរសភាពការណ៍ថា អាជ្ញាធរបំពានលើព្រះសង្ឃទៅវិញ។ តាមពិត ពួកគេនេះហើយដែលយក សាសនាធ្វើជាឡប់ឡែ ដែលជាអំពើក្បត់សាសនាយ៉ាងធ្ងន់ធ្ងរ។

សរុបទៅ អំពើក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្ររបស់លោក សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំងឡើយ។ សម រង្ស៊ី តែងដើរបង្ខូចកេរ្តិ៍ឈ្មោះប្រទេសជាតិ នៅលើឆាកអន្តរជាតិឥតឈប់ឈរ។ អ្នកនយោបាយប្រឆាំងរូបនេះ បើនៅក្នុងស្រុកវិញតែងបង្កបញ្ហាជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិជួបភាពវឹកវរ ចលាចល និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរងគ្រោះ ទោះដោយប្រការណាមួយក្តី ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ នៅលើឆាកអន្តរជាតិវិញ ទៅដល់ទីណា សម រង្ស៊ី តែងអំពាវនាវឲ្យសហគមន៍អន្តរជាតិ កាត់ផ្តាច់ជំនួយពីកម្ពុជា និងដើរ និយាយបង្ខូចកិត្តយសប្រទេសជាតិខ្លួនឯងជានិច្ចពីព្រោះ បុគ្គលរូប នេះមិនដែលគិតពីផលប្រយោជន៍ជាតិ និងប្រជាជនឡើយ។

ដូច្នេះ សម រង្ស៊ី គឺជាអ្នកនយោបាយដែលក្បត់ទាំងជាតិ ទាំងសាសនា និងទាំងព្រះមហាក្សត្រ ដែលជាបាវចនារបស់ជាតិទាំងមូល។ គឺជាអំពើក្បត់ជាតិតត្រកូល ដែលមិនអាចអត់ឱនបានឡើយ។ ជាពិសេសអំពើក្បត់ជាតិ និងក្បត់ព្រះមហាក្សត្រធំៗពីរចុងក្រោយ គឺពាក់ព័ន្ធនឹងការកាត់ទឹកដីខេត្ត៤ឲ្យទៅជនជាតិដើមភាគតិចដេហ្កាវៀតណាមរស់នៅដែលជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញទាំងស្រុង ពីព្រោះរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបញ្ជាក់ច្បាស់ថា ទឹកដីកម្ពុជាមិនអាចអនុញ្ញាតឲ្យជនបរទេសប្រើប្រាស់បានជាដាច់ខាត។ រីឯការចេញមុខ ប្រឆាំងព្រះមហាក្សត្រនៅពេលនេះ ជាអំពើក្បត់ព្រះមហាក្សត្រដោយចំហរ និងមិនអាចអត់ឱនបានឡើយ។

មានធាតុផ្សំគ្រប់គ្រាន់ដែលបញ្ជាក់ពីទង្វើក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រ របស់សម រង្ស៊ី ដែលបង្ហាញពីគ្រោះថ្នាក់ដ៏ធំធេងណាស់ដល់ជាតិ និងប្រជាជនខ្មែរទាំងមូល។ ក្នុងន័យនេះ ជនក្បត់ជាតិតត្រកូលដូច សម រង្ស៊ី នេះត្រូវតែទទួលទោសតាមច្បាប់កម្ពុជាជាដាច់ខាត និងត្រូវទទួលការថ្កោលទោសពីមហាជនខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត៕

ដោយ៖ កូនខ្មែរ