(សៀមរាប)៖ កិច្ចប្រជុំបច្ចេកទេសលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordinating Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំនេះ បានបង្ហាញ​ពីរបាយការណ៍ការងារ ដោយអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន ដែលក្នុងនោះមានដូចជាវឌ្ឍនភាពនៃការឆ្លាក់កម្រាល ពិដានឈើ នៅរោងទងកូរសមុទ្រទឹកដោះ ការជួ​​សជុលប្រាសាទភ្នំបាខែង ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ការសិក្សាស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបេង មាលា-ភ្នំគូលែន និងការជួសជុលប្រាសាទតាព្រហ្ម។ល។ រីឯកិ​ច្ចការអភិវឌ្ឍមានដូចជា ការកែលម្អផ្លូវថ្នល់ក្នុងឧទ្យានអង្គរ ការរៀបចំចំណតរថយន្ត ការរៀបចំ និងបង្កើតវង់ទស្សនា សម្រាប់ភ្ញៀវទេសចរ ការរៀបចំបរិស្ថាន ការទប់ស្កាត់សំណង់ខុសច្បាប់ ។ល។

ក្រោយពីស្តាប់របាយការណ៍ និងការវិភា​គ​វែកញែករបស់អ្នកជំនាញ អង្គប្រជុំទាំងមូល បានសម្តែងនូវសេចក្តីពេញចិត្តជាខ្លាំង ចំពោះភាពជោគជ័យ ដែលក្រុមការងារនៃ អាជ្ញាធរជាតិអប្សរា និងក្រុមការងារអន្តរជាតិ បានពួតដៃគ្នាយ៉ាងរឹងមាំលើវិថីអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អង្គរក្នុងរយៈពេល២៥ឆ្នាំនេះ។ ភាពជោគជ័យនេះ មិនត្រឹមតែជាមោទនភា​ពរបស់ជា​តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់អង្គការយូណេស្កូផងដែរ ព្រោះទម្រង់នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិទៅលើការអភិរក្សជួសជុល និងអភិរក្សបេតិកភណ្ឌពិភពលោក ដែលមាននៅអង្គរត្រូវចាត់ទុកជាគំរូ និងយកទៅអនុវត្តនៅបណ្តាប្រទេសដទៃទៀត។ ជាពិសេសទៀតនោះ គណៈកម្មការ​អាយស៊ី​ស៊ី-អង្គរ ក៏បានសម្តែងនូវការកោតសរសើ និងអបអរសាទរយ៉ាងជ្រាលជ្រៅដល់ គោលនយោបាយ អភិរក្សវប្បធម៌ របស់រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេសសុឆន្ទៈរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជៀសឱ្យផុតនូវផលប៉ះពាល់ អវិជ្ជមាននានាពីកំណើនវិស័យ ទេសចរណ៍ដល់បេតិកភណ្ឌ។

ស្របនឹងគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានលើកឡើងនូវកត្តាសំខាន់ៗចំនួន៤ ក្នុងការរក្សាបាននូវតុល្យភាពនៃការអភិរក្ស និងការអភិវឌ្ឍដោយចីរភាពនៅតំបន់អង្គរដូចជា៖

ទី១៖ កិច្ចសហប្រតិបត្តិការអន្តជាតិដ៏ល្អ ព្រោះកាលពី២៥ឆ្នាំមុន អ្នកជំនាញខ្មែរមិនទាន់មានកម្រិតអាចគ្រប់គ្រង និងជំនាញអាចជួសជុល អភិរក្សប្រាសាទបានពេញលេញដូចសព្វថ្ងៃនេះ ដូច្នេះមានតែអ្នកជំនាញបរទេសនេះហើយ ដែលបានជួយអង្គរទាំងអ្នកជំនាញបច្ចេកទេស និងថវិកា។

ទី២៖ កត្តាអ្នកជំ​នាញជាតិ និងកិច្ចសហប្រតិបត្តិការជាតិ គឺអាជ្ញាធរជាតិអប្សរា បានខិតខំបណ្តុះបណ្តាលធនធានមនុស្សគ្រប់ផ្នែកទាំងក្នុងស្រុក និងក្រៅស្រុក រហូតអ្នកជំនាញខ្មែរអាចដឹកនាំ និង​ជួសជុល​ប្រាសាទបានដោយខ្លួនឯង និងមានការកោតសរសើរខ្ពស់ ពីអ្នកជំនាញបរទេសផងដែរ។ លើសពីនោះក៏មានការរួមចំណែក ដ៏ល្អពីស្ថាប័នជាតិនានា ដើម្បី​ធា​នាបាននូ​វភាពទាក់ទាញទេសចរ ការថែរក្សាបានយ៉ាងប្រសើរ ទើបធ្វើឱ្យអង្គរទទួលបានជោគជ័យ ជាគោលដៅទេសចរណ៍ លេខមួយ ជាច្រើនឆ្នាំ។

ទី៣៖ ការអភិវឌ្ឍជាក់ស្តែ​ង នៅនឹងកន្លែង​របស់សហគមន៍ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសការលើកកម្ពស់ជីវភាព របស់ប្រជាពល រដ្ឋតាមរយៈកំណើនទេសចរណ៍

ទី៤៖ ចុងក្រោយ គឺកត្តាសុខសន្តិភាពនៃគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា នយោបាយបើកចំហជើងមេឃដែលទាក់ទាញបាននូវអ្នកជំនាញការបរទេស ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនយ៉ាងច្រើន រួមគ្នាមកអភិរក្សនិងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព៕