(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូរឺម៉កដឹកត្រីរបស់ជនរងគ្រោះពីក្រោយពេញទំហឹង ក្នុងទិសដៅស្របគ្នាលើកំណាត់ផ្លូវជាតិលេខ៥។

ហេតុការណ៍នេះ បានកើតឡើងនៅទៀបភ្លឺថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៨២-១៨៣ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះឈ្មោះ ចាន់ ធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្ថែមថាក្រោយការ​វាស់វែងរួច សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាប្រពៃណី រីឯជនរងគ្រោះម្នាក់ទៀតត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំណែករថយន្តបង្កកម្លាំងសមត្ថកិច្ចបាននឹងកំពុងសហការស្រាវជ្រាវ និងឃាត់ខ្លួន ដើម្បីចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕