(ព្រះសីហនុ)៖ ករណីផ្ទុះហ្គាសសម្រាប់បង្រៀនផ្សារបច្ចេកទេស របស់សាលាបច្ចេកទេស «ដុនបូសស្កូ» បានបណ្តាលឱ្យមេជាងក្រឡឹងម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្សចំនួន៧នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រាះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីផ្ទុះហ្គាសនេះ បានកើតឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ​វេលាម៉ោង​១៣៖៤០នាទី​ ស្ថិតក្នុងនៅសាលាបច្ចេកទេសដុនបូសស្កូ​ក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ការផ្ទុះធុងហ្គាស​ បានកើតឡើងក្នុងរោងជាងក្រឡឹង ដែលកំពុងបង្រៀនដល់សិស្ស បានបណ្តាលឱ្យស្លាប់ម្នាក់ ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានផ្នែកជាងក្រឡឹង និងរងរបួសចំនួន៧នាក់ (ធ្ងន់១នាក់)។

បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗផងដែរ៕