(ពោធិ៍សាត់)៖ ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជាង១៨០គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road) ដែលត្រូវចំណាយថវិកាជាង១០០លានដុល្លារអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។

បន្ទាប់ពីចាប់ដំណើរការបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិន កាលពីខែឧសភា ឆ្នាំ២០១៥ កន្លងមកនោះ សំណង់ផ្លូវជាតិលេខ៥៥ បានស្ថាបនាជិតរួចរាល់ ប្រមាណជាង៩០%ហើយ។

គេរំពឹងទុកថា បន្ទាប់ពីបើកឲ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ ចំពោះច្រកតំបន់មួយនេះ នឹងពាំនាំសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រជាជនរស់នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋតាមបណ្តាលខេត្ត។

ជាពិសេសច្រកថ្មដា នឹងក្លាយជាច្រកទ្វារអន្តរជាតិថ្មី ក្នុងចំណោមច្រកទ្វារអន្តរជាតិ៣ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នារួចហើយថា សម្រេចបើកទ្វារច្រកទាំងអស់នេះ សម្រាប់ជួយជម្រុញការដោះដូរពាណិជ្ជកម្ម កសិផល និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាពិសេសផ្តល់ឱកាសឲ្យវិនិយោគិនថៃ មកវិនិយោគនៅក្នុងខេត្ត។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ គឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាសាលារៀនរាប់រយខ្នង ទំនប់ស្ទាក់ទឹកទី៣ និងទី៥ ទំនប់ដំណាក់អំពិល ទំនប់ចារឹក ផ្សារពោធិ៍សាត់ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៊ុន រ៉ានី ហ៊ុន សែន និងផ្លូវកៅស៊ូជាច្រើនខ្សែផ្សេងទៀត៕