(ហៃឡុងជាំង-​ចិន)៖​ រដ្ឋបាលខេត្តចំនួន២របស់កម្ពុជា​ មានខេត្តបន្ទាយមានជ័យ​ និងខេត្ត​ព្រះសីហនុ​ ​បានលើកបង្ហាញពីសមិទ្ធផល​ និងស្នាដៃល្អៗជាច្រើន នៅក្នុងទិវាលើកកម្ពស់វិស័យទេសចរណ៍អាស៊ាន-ជប៉ុន និងកូរ៉េខាងត្បូង ក្រោមប្រធានបទ «ការលើកកម្ពស់វិស័យទេសចរណ៍នៅទីក្រុងហាប៊ីន អាស៊ាន និងជប៉ុន» រយៈពេល៦ថ្ងៃ​ នៅទីក្រុងហាប៊ីន នៃខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន។

​ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍នេះ ធ្វើឡើងនាថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០១៨ ក្នុងនោះ រដ្ឋបាលខេត្ត​ទាំងពីរ បានសម្តែង​ការសប្បាយ​រីករាយ​យ៉ាង​ក្រៃលែង ​ដែលរដ្ឋបាលក្រុងហាប៊ីន​ ប្រទេស​ចិន អញ្ជើញចូលរួមកម្មវិធី​នេះ​។

​ភ្នាក់ងារព័ត៌មាន Fresh News បានបន្តថា គណៈប្រតិភូរដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ​ដឹកនាំដោយលោក អោម​ ចាន់ថា​ អភិបាលរងខេត្ត​ លោក ​សាន ​ស៊ានហូ អភិបាល​ក្រុងប៉ោយប៉ែត​។ ចំណែកឯរដ្ឋបាលខេត្ត​ព្រះសីហនុ ដឹកនាំដោយលោក​ ផៃ​ ប៊ុន​វណ្ណៈ​ អភិបាលរងខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ។

គណៈប្រតិភូកម្ពុជា​ បានចេញដំណើរ​ពីព្រលានយន្តហោះអន្តរជាតិ​សៀមរាប​ (សម្រាប់រដ្ឋបាលខេត្តបន្ទាយមានជ័យ) និងព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​ (សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ) ដោយបានចុះចតនៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្វាងចូវ​ និងបន្តឆ្ពោះទៅព្រលាន​យន្តហោះអន្តរជាតិហាប៊ីន​។

សូមបញ្ជាក់ថា រដ្ឋបាលក្រុងហាប៊ីន ប្រទេស​ចិន​ ក្នុងឆ្នាំ២០១៨នេះ​ បាននិងកំពុងប្រារព្ធទិវាខួបលើកទី​៤០​ នៃការកែទម្រង់របស់ប្រទេសចិន​ និងការ​បើកទូលាយ ដែលនឹងត្រូវរៀបចំដំបូងនៃខួប​៥០ឆ្នាំ លើកទី២​ សម្រាប់អាស៊ាន​ និងខួបលើកទី១៥ ​នៃភាពជាដៃគូរយុទ្ធសាស្ររវាងចិន​ និងអាស៊ាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទង និង​កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន​។

ជាមួយគ្នានោះ រដ្ឋបាលក្រុងហាប៊ីន ក៏បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមប្រធានបទ «ការលើកកម្ពស់វិស័យទេសចរណ៍នៅទីក្រុងហាប៊ីន អាស៊ាន និងជប៉ុន» ចាប់ពីថ្ងៃទី៧-១១​ ខែមិថុនា​ ឆ្នាំ​២០១៨ ផងដែរ៕