(បាត់ដំបង)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តចិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំមួយចំនួន បានចុះផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ៤ស្រុក ក្នុងខេត្តបាត់ដំបង បានចំនួនជាង៥ពាន់នាក់ រយៈពេល៤ថ្ងៃ។

លោក​បណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលបាត់ដំបង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បន្ទាប់ពីមន្ទីរសុខាភិបាលខេត្ត បានទទួលរថយន្តគ្លីនិកចល័ត ចំនួន២គ្រឿង ពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំពាក់ឧបករណ៍ ស្រាប់រួចមក តាមរយៈក្រសួងសុខាភិបាល និងដោយបានការអនុញ្ញាតពីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមានការគាំទ្រពីលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត បានចុះផ្តល់សេវាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយមានការចូលរួមសហការជាមិត្តភាពកម្ពុជា-ចិន គង់វង្សយូរអង្វែង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសចិន ក្រោមប្រធានបទ «សុខុមាលភាពប្រជាជនជាកង្វល់របស់យើងទាំងអស់គ្នា»។

កម្មវិធីនេះ បានចុះតាមស្រុកគោលដៅចំនួន៤ រួមមាន៖

១៖ ស្រុកបវេល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅមណ្ឌលសុខភាពបវេល១ ដោយបានការអញ្ជើញចូលរួមពី លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងសហការី ហើយក្រុមការងារសរុប ២២០នាក់ (ភាគីចិន៣០នាក់ សុខាភិបាល១១៥នាក់ ស.ស.យ.ក ស្រុក ៦៥នាក់ សមត្ថកិច្ច ១០នាក់)។ ជាលទ្ធផលពិនិត្យព្យាបាល សរុប១,៥៩២នាក់ ក្នុងនោះ Dentist​ 33, X-Ray​ 68,​ Ultrasound​ 60, ECG​ 16, ENT​ 47, Ophthalmology​ 78 និងLab​ 165។

២៖ ស្រុកសំពៅលូន ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅឃុំត្រាវជូរ ដោយបានការអញ្ជើញចូលរួមពីលោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រមទាំងសហការី និង ស.ស.យ.ក ស្រុកផងដែរ ហើយក្រុមការងារមានចំនួន២១០នាក់ (ភាគីចិន៣០នាក់ សុខាភិបាល១១៥នាក់ ស.ស.យ.ក ស្រុក៤៥នាក់ សមត្ថកិច្ច២០នាក់)។ ជាលទ្ធផលពិនិត្យព្យាបាល សរុប ១,១៩៤នាក់ ក្នុងនោះ Dentist​ 19, ​X-Ray​ 38, Ultrasound​ 52, ECG​ 33, ENT​ 21, Ophthalmology​ 89​ និងLab​ 178។

៣៖ ស្រុកកំរៀង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅឃុំកំរៀង វត្តកំរៀង ដោយបានការអញ្ជើញចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រមទាំងសហការី និង ស.ស.យ.ក ស្រុកផងដែរ ហើយក្រុមការងារមានចំនួន ២០៥នាក់ (ភាគីចិន ៣០នាក់សុខាភិបាល១០៥នាក់ ស.ស.យ.ក ស្រុក៤៥នាក់ សមត្ថកិច្ច២៥នាក់)។ ជាលទ្ធផលពិនិត្យ ព្យាបាលសរុប ១,១៧០នាក់ ក្នុងនោះ Dentist​ 7, X-Ray​ 71, Ultrasound​ 78, ECG​ 29, ENT​ 10, Ophthalmology​ 74 និងLab​ 135។

៤៖ ស្រុកសំឡូត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ធ្វើនៅឃុំតាសាញ ដោយបានការអញ្ជើញចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រមទាំងសហការី និង ស.ស.យ.ក ស្រុកផងដែរ ហើយក្រុមការងារមានចំនួន ១៧៥នាក់ (ភាគីចិន ២៥នាក់ សុខាភិបាល១០៥នាក់ ស.ស.យ.ក ស្រុក៣៥នាក់ សមត្ថកិច្ច១០នាក់)។ ជាលទ្ធផលពិនិត្យព្យាបាលសរុបចំនួន១,២១៩នាក់ក្នុងនោះ Dentist​ 29, X-Ray​ 54, Ultrasound​ 52, ECG​ 16, ENT​ 16, Ophthalmology​ 83​ និងLab​ 112។

លោក​បណ្ឌិត វឿង ប៊ុនរេត បានបញ្ជាក់ថា ការចុះពិនិត្យព្យាបាលរយៈពេល៤ថ្ងៃនេះ សរុបរួមបានចំនួន៥,១៧៥នាក់ ក្នុងនោះ​ Dentist​ 88, X-Ray​ 231, Ultrasound​ 222, ECG​ 94, ENT​ 94, Ophthalmology 324 និងLab​ 590។

ប្រជាពលរដ្ឋទាំង៤ស្រុក ដែលបានមកទទួលសេវាព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដោយឥតគិតថ្លៃទាំងអស់បានថ្លែងអំណរគុណយ៉ាងធំធេង ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ ពីសុខុមាលភាពប្រជាពលរដ្ឋកន្លងមកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង លោកអភិបាលស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន ទាំងអស់ ដែលបានអញ្ជើញចុះមកផ្តល់សេវាព្យាបាលជំងឺ ជូនដល់ពួកគាត់ដោយឥតគិតថ្លៃ៕