(រតនគីរី)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត​រតនគីរី បានជម្រាបសមាជិកសមាជិកាបក្ស និងបងប្អូនប្រជាពលរដ្ឋថា «បើបងប្អូនមិនទៅបោះឆ្នោត តាមការឃោសនារបស់គេ អ្នកដែលខាតបង់ គឺប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ពីព្រោះពួកអាត្មានិយមទាំងនោះ នឹងយកលេសនេះ លេសនោះ អំពាវនាវឲ្យបរទេសដាក់សម្ពាធលើខ្មែរ ហើយវានឹងធ្វើឲ្យបងប្អូនកម្មករ កសិករ គ្មានការងារធ្វើ គ្មានទីផ្សារកសិផល គ្មានប្រាក់ចំណូល ធ្វើឲ្យប្រទេសជាតិអសន្តិសុខ គ្មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍ»

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគណបក្សនៅស្រុកបរកែវ ខេត្តរតនគិរី។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីប្រទេសជាតិ និងប្រជាជនរបស់យើង (សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ)។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំជឿព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលបង្ហោះតាមបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងថ្នាក់ដឹកនាំ បង្កឲ្យសង្គមគ្មានសន្តិសុខ អស្ថិរភាពនយោបាយ ហើយបងប្អូនមិនត្រូវផ្សព្វផ្សាយព័ត៌មាន មិនពិតទាំងនោះបន្តជាដាច់ខាត (ខុសច្បាប់)៕