(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត អញ្ជើញចូលរួមទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ ដែលអភិវឌ្ឍន៍ប្រទេស ឲ្យបានរីកចម្រើន និងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក គួច ចំរើន ចុះជួបសំណេះសំណាលជាមួយបងប្អូន អ្នកបើកបរដឹកកម្មករ-កម្មការនី ទៅតាមរោងចក្រនានា ក្នុងខេត្តកំពង់ចាម បង្កើនការស្និទ្ធស្នាល កាន់តែជិតស្និទ្ធ ជាមួយនឹងបងប្អូន ជាអ្នកបើកបរដឹកកម្មករ-កម្មការិនី បញ្ជូនតាមរោងចក្រនានាក្នុងខេត្ត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះផងដែរ លោក គួច ចំរើន បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះបងប្អូនអ្នកបើកបររថយន្ត ដឹកជញ្ជូនកម្មករ-កម្មការនី ដែលកន្លងមកបង្កភាពងាយស្រួល ដល់ពួកគាត់ មកកាន់កន្លែងធ្វើការ ទាន់ពេលវេលា។

ជាមួយគ្នានោះ លោក គួច ចំរើន អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនអ្នកបើកឡានដឹកកម្មករ នៅ៤ចំណុចសំខាន់ៗ រួមមាន៖

ចំណុចទី១៖ គឺប្រសិនបើមានខ្ចីធនាគារ ត្រូវជ្រើសរើសធនាគារណា ដែលមានអត្រាការប្រាក់ទាប ដែលចំណុចនេះ សូមបងប្អូន ត្រូវមានការសម្រេចចិត្តដោយត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាក្នុងជីវភាពរបស់ខ្លួន ដោយសារតែការខ្ចីលុយធនាគារ ព្រោះធនាគារខ្លះ មានអត្រាការប្រាក់ខ្ពស់។

ចំណុចទី២៖ សូមមេត្តាកុំពិសាស្រា នៅពេលបើកបរ រយៈពេលកន្លងមកនេះ ខេត្តកំពង់ចាម កំពុងតែមានអត្រាខ្ពស់ នៃអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍។

ចំណុចទី៣៖ សូមកុំប្រើប្រាស់ គ្រឿងញៀនឲ្យសោះ បច្ចុប្បន្ននេះគ្រឿងញៀនកំពុងតែបំផ្លិចបំផ្លាញយុវជន ដែលជាទំពាំងស្នងឬស្សី ជាសសរទ្រូងនៃប្រទេសជាតិ ដោយឡែកបងប្អូនជាអ្នកបើកបររថយន្តធំ កន្លងមាន អ្នកប្រើប្រាស់គ្រឿងញៀន ដែលប៉ះពាល់យ៉ាងធ្ងន់ ក្នុងពេលបើកបរ អាចនឹងបង្កគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរ។

ចំណុចទី៤៖ ជាចំណុចសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ ដែលអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើន និងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ យើងទាំងអស់គ្នា។ ហើយគណបក្សនយោបាយនៅក្នុងអាណត្តិ នៅមានចំនួន២០គណបក្ស បងប្អូនអាចជ្រើសរើសដោយគ្មានការបង្ខិតបង្ខំ។

លោក គួច ចំរើន ក៏បានប្រគល់ថវិកា ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ ចំនួន៤១០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល ផងដែរ៕