(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ​។

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋនេះដែរ លោក ថង សាវុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ​រស់នៅ ត្រូវអនុវត្តឲ្យបាននូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ក្នុងនោះផងដែរ រដូវវស្សាមកដល់ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមលើកុមារ ត្រូវដេកដាក់មុងដែលជ្រលក់ថ្នាំជានិច្ច​។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងករណីមានបញ្ហាសុខភាពសូមប្រជាពលរដ្ឋ ទៅរកសេវាសុខាភិបាលដែលនៅជិត ដើម្បីពិគ្រោះយោបល់ មិនត្រូវប្រើប្រាស់ថ្នាំផ្តេសផ្តាស់នោះទេ​។

ឆ្លៀតឱកាសនេះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព សន្តិភាព និងបន្តការអភិវឌ្ឍបន្តទៀត ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ក្នុងសន្លឹកឆ្នោត ដើម្បីបន្តដឹកនាំរដ្ឋាភិបាលកម្ពុជា៕