(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការវិវត្តន៍រីកចំរើនសមិទ្ធផលជាច្រើន ទូទាំងប្រទេស និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ នាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដ និងជំរុញឲ្យប្រជាជនអញ្ជើញទៅចូលចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ជូនសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានសុខសន្តិភាពជារៀងរហូត។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ១២២៩នាក់ ក្នុងឱកាសដង្ហែរអដ្ឋិធាតុមហាឧបាសិកា តាក់ឡឹង នៅវត្តត្រពាំងវែង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា សមិទ្ធផលនានាដែលមាននិងកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជាពិត បានមកដោយសារប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព និងការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងដើរលើផ្លូវត្រូវស្របពេលប្រទេស មានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ មានអ្នកវិនិយោគិនបរទេសមកបណ្ដាក់ទុកវិនិយោគជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ»។

លោកបានបន្តថា សម្តេចតេជោហ៊ុន សែន បានស្វែងរកសុខសន្តិភាព និងដាក់ចេញគោនយោបាយសេដ្ឋកិច្ច បានធ្វើឲ្យប្រទេសកម្ពុជា ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប ហើយកំពុងអភិវឌ្ឍឈានទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នាដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត បន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យកសាងវត្តត្រពាំងវែង ចំនួន ១០លានរៀល។ ឧបត្ថម្ភដល់គណបក្សស្រុកគងពិសី មានកុំព្យូទ័រ1គ្រឿង ព្រីនធឺរ១គ្រឿង យុវជនស្រុកមានកុំព្យូទ័រ១គ្រឿង ព្រីនធឺរ១គ្រឿង និងគណបក្សឃុំទាំង១៣ឃុំ ក្នុង១ឃុំៗ មានកុំព្យូទ័រ១គ្រឿង ព្រីនធឺរ១គ្រឿង និងវិទ្យុទាក់ទង (Icom)៧គ្រឿង ព្រមទាំងចែកជូនវត្ថអនុស្សាវរីយ៍ដល់លោកតាលោកយាយជី ក្រុមប្រឹក្សាឃុំ-ស្រុក លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕